ខេត្តពោធិ៍សាត់៖ ស្រ្តីជាប្រពន្ធបានរងរបួសដោយគ្រាប់កាំភ្លើងយ៉ាងធ្ងន់ធ្ងរ និងបុរសជាប្ដីបានស្លាប់ដ៏រន្ធត់ នៅក្នុងថ្លុកឈាមលើគ្រែ ក្នុងផ្ទះរបស់ពួកគាត់ ដែលករណីនេះ បង្កឡើងដោយពួកក្រុមជនសង្ស័យ ចូលធ្វើសកម្មភាពបាញ់ និងវាយបង្កការភ្ញាក់ផ្អើលសមត្ថកិច្ច សហការចុះស្រាវជ្រាវភ្លាមៗ ហើយត្រូវបានកំណត់មុខសញ្ញាអាចជាករណីគំនុំ ។
ហេតុការណ៍ករណីឃាតកម្មដ៏សារហាវព្រៃផ្សៃខាងលើនេះ បានបង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ នៅវេលាម៉ោង៦ និង២០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្ទះរបស់ជនរងរបួស និងស្លាប់ ស្ថិតក្នុងភូមិ.ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចម្រុះចុះស្រាវជ្រាវបានឲ្យដឹងថា ជនរងគ្រោះ (ស្លាប់) ឈ្មោះ ធូ ធន ភេទប្រុស អាយុ ៨៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ និងស្រ្តីរងរបួសជាប្រពន្ធឈ្មោះ ប៊ុន ណែម អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។
ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះ (ស្លាប់) មានស្នាមរបួសច្រើនកន្លែងត្រង់ចំណុចក្បាល អាចរងនូវឧបករណ៍រឹង(វាយ) បណ្ដាលឲ្យហូរឈាមជោកខ្លួនរហូតស្លាប់នៅលើគ្រែក្នុងផ្ទះ ចំណែកស្រ្តីជាប្រពន្ធរងរបួសត្រង់ចំណុចកំភួនជើងខាងឆ្វេង(ធ្ងន់) ដោយគ្រាប់កាំភ្លើងស្នប់ ហើយបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា បន្ទប់ពីស្រាវជ្រាវជុំវិញកន្លែងកើតហេតុ អាចកំណត់មុខសញ្ញាជនសង្ស័យក្នុងករណីឃាតកម្មដ៏សារហាវនេះជា រឿងគំនុំ ព្រោះកន្លងមក មានជននៅក្នុងភូមិ ឃុំជាមួយគ្នាម្នាក់ ធ្លាប់ប្ដឹង និងគំរាមកំហែងសម្លាប់ បើកូនរបស់ខ្លួនគេឈឺស្លាប់ ដោយចោទលើគ្រួសាររងគ្រោះចេះធ្វើអំពើ អាបធ្មប់ ករណីនេះ សមត្ថកិច្ចស្ថាប័នជំនាញចម្រុះ កំពុងបន្តស្រាវជ្រាវ និងអង្កេតយ៉ាងយកចិត្តទុកដាក់ថែមទៀត ៕ ប៉ឹម ពិន