ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបតាមផ្លូវមានទោស ចោរលួចចាក់ដីលុបសមុទ្រអត់ទោស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បញ្ហាអ្នកមានអំណាច ចាក់ដីលុបសមុទ្រនៅខេត្តព្រះសីហនុបានក្លាយជាប្រធានបទវាស់ស្ទង់អំណាចថ្នាក់ដឹកនាំខេត្តនេះ ថាតើហ៊ានចាត់វិធានការ ចំពោះអ្នកប្រព្រឹត្តល្មើសកម្រិតណា? ទីបំផុត ទាំងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុដែលឃើញទិដ្ឋភាពចាក់ដីលុបសមុទ្រដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលដឹងរឿង និយាយថា ចោរឆក់កាបូបតាមផ្លូវមានទោស ជាប់គុកជាប់ច្រវាក់ ប៉ុន្តែចោរលួចចាក់ដី លុបសមុទ្រគ្មានទោសពៃរ៍ទេ ។ បើនៅ ស្រុកគេ វិញអ្នកទោសដូចគ្នាគឺត្រូវតែទទួល ទោសមិនមែនមួយមានទោសមួយរួចខ្លួននោះទេ ។

ប្រភពខ្សឹបខ្សៀវជាច្រើននៅក្នុងខេត្តព្រះសីហនុបានបង្ហើបប្រាប់ថា អ្នកចាក់ដី លុបសមុទ្រដើម្បីវាតទីយកធ្វើជាកម្មសិទ្ធិ នៅភូមិទំនប់រលកថ្មី ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺជាកូនប្រសារបស់មេទ័ពជើងទឹកដ៏មានអំណាចម្នាក់ដែលគ្រប់គ្រងដែនសមុទ្រ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បើទោះបីជាអាជ្ញាធរស្គាល់អត្តសញ្ញាណ ចោរលួចចាក់ដីលុបសមុទ្រក៏ដោយ ក៏ថ្នាក់ ដឹកនាំខេត្តព្រះសីហនុមិនអាចធ្វើអ្វីពួកចោរទាំងនោះកើតដែរ ។ ដូុច្នេះវាជាឱកាសឲ្យពួកចោរប្លន់សមុទ្រទាំងនោះនៅបន្តធ្វើ សកម្មភាពល្មើសតទៅទៀត។ បើតាម ប្រជាពលរដ្ឋខេត្តព្រះសីហនុអាជ្ញាធរត្រូវតែប្រើច្បាប់ដើម្បីផ្តន្ទាទោសអ្នកដែល រំលោភបំពានធនធានធម្មជាតិទាំងនេះ ។ បើមិនដូច្នេះទេនឹងមានអ្នកដទៃទៀតបន្ត រំលោភបំពានពោលគឺចាក់ដីលុបសមុទ្រទៀតជាមិនខានឡើយ ។

លោក សុន ពិសី អភិបាលរងស្រុកស្ទឹង ហាវខេត្តព្រះសីហនុបានប្រាប់ថាអ្នកចាក់ដីរំលោភ យកផ្ទៃសមុទ្រនេះ ឈ្មោះ កែវ ចាន់ដារ៉ា រស់នៅក្នុងខេត្តព្រះសីហនុ ហើយ ការចាក់ដីចូលហួសទៅក្នុងសមុទ្រនេះ គឺចូលជ្រៅហួសហេតុពេកដើម្បីពង្រីកអ៊ូ សម្រាប់ធ្វើជាទីតាំងជួសជុលទូកនេសាទ។

ប៉ុន្តែនៅថ្ងៃដែលអាជ្ញាធរខេត្តទៅត្រួតពិនិត្យ និងបញ្ជាឲ្យកាយអាចម៍ដីចេញវិញ ឈ្មោះ កែវ ចាន់ដារ៉ា មិនបានបង្ហាញមុខ ឡើយ ដោយឲ្យបុរសម្នាក់ឈ្មោះ ពេជ្រ ប៊ុន ចេញមុខធ្វើជាតំណាង។ ចំណែកអាជ្ញាធរវិញក៏មិនទាមទារឲ្យម្ចាស់ទីតាំងនេះចេញមុខមកជួបដែរ ដែលត្រង់ចំណុចនេះត្រូវបានប្រភពជាច្រើនលើកឡើងថា ម្ចាស់ ទីតាំងនេះ គឺជាសាច់ញាតិក្រុមអ្នកមាន អំណាចនៅលើដែនសមុទ្រកម្ពុជា ។

ប្រភពខ្សឹបខ្សៀវ បានបញ្ជាក់ទៀតថា ឪពុកក្មេករបស់ឈ្មោះ កែវ ចាន់ដារ៉ា គឺជា មេទ័ពជើងទឹកម្នាក់ដ៏មានឥទ្ធិពលចំណែកសាច់ញាតិបងប្អួនថ្លៃ ក៏ជាអ្នកមានអំណាចនៅលើដែនសមុទ្រដែរទាំងផ្នែកកងទ័ព ជើងទឹក និងជំនួញនៅក្នុងដែនសមុទ្រ ។

សូមរំឭកថា អភិបាលរងខេត្តព្រះសីហនុ គឺលោកស្រី ហៀក ហ៊ីមុល្លី នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលបញ្ជាពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យដឹកនាំមន្ត្រីនៅក្នុងខេត្តទៅប្រាប់ម្ចាស់ទីតាំងឲ្យកាយអាចម៍ដីដែលទើបចាក់ថ្មីៗ ចូលទៅក្នុងសមុទ្រ នាស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ ប៉ុន្តែមិនចាត់វិធានការផ្លូវច្បាប់ទេ ដោយទុកឲ្យជនទុច្ចរិតផ្សេងយកគំរូតាម។

កន្លែងចាក់ដីលុបសមុទ្រនៅស្រុកស្ទឹងហាវ ត្រូវបានអភិបាលខេត្តបញ្ជាឲ្យកាយដីចេញនេះ គឺស្ថិតនៅផែ៧២ ហៅផែដី ក្នុងភូមិ៤ឃុំទំនប់រលកថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់អំពីមានការចេញ ផ្សាយព័ត៌មាន ហើយទទួលរងការរិះគន់ពីមហាជនដូចទឹកបាក់ទំនប់មក ។

លោកស្រី ហៀក ហ៊ីមុល្លី បានធ្វើកំណត់ ហេតុបញ្ឈប់រាល់សកម្មភាពចាក់ដីនិងឲ្យកាយដីចេញវិញដោយទុករយៈពេល១៥ ថ្ងៃគិតចាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ។

យោងតាមកំណត់ហេតុមួយទៀត ស្តីពីការឃាត់សកម្មភាពចាក់ដីលុបសមុទ្រដោយខុសច្បាប់ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៨ របស់សាលាស្រុកស្ទឹងហាវបានឲ្យដឹងថា ដីដែលបានចាក់ចូលទៅក្នុងសមុទ្រនេះ មានទំហំ៣០០០ម៉ែត្រក្រឡា ក្នុងជម្រៅទឹក សមុទ្រប្រហែល៣ម៉ែត្រ។

កំណត់ហេតុនេះបានសរសេរថា «ក្រុមការងារចម្រុះបានចុះមកទីតាំងផ្ទាល់ជាក់ស្តែង ពិនិត្យឃើញថា មានការចាក់ដីចូលសមុទ្រពិតប្រាកដមែនដែលមានប្រវែង បណ្តោយចូលសមុទ្រប្រហែល៦០ម៉ែត្រ និងទទឹង៥០ម៉ែត្រក្នុងជម្រៅទឹកសមុទ្រ ប្រហែល៣ម៉ែត្រ»។ កំណត់ហេតុដដែល នេះបានបញ្ជាក់ទៀតថា ក្រុមការងារបានបញ្ជាឲ្យឈប់សកម្មភាពចាក់ដី និងទុក រយៈពេល១៥ថ្ងៃឲ្យកាយអាចម៍ដីចេញវិញហើយប្រសិនបើ «ក្នុងករណីម្ចាស់ទីតាំងខាងលើមិនអនុវត្តតាមការណែនាំទាំង៣ ចំណុចខាងលើ ក្រុមការងារនឹងអនុវត្តតាមនីតិវិធីច្បាប់»។

លោក សុន ពិសី បានបញ្ជាក់ថា ទីតាំងចាក់នេះមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីតាំងដែលឧកញ៉ាល្បីឈ្មោះដោយរឿងអាស្រូវគឺយាយភូបានចាក់ចូលសមុទ្រ នាពេលកន្លងមកថ្មីៗនេះ ។

ប្រភពជាច្រើនបានបង្ហើបថាសកម្ម ភាពកាយយកអាចម៍ដីចេញហាក់បាន បញ្ឈប់ទៅវិញ បន្ទាប់ពីមន្ត្រីសាលាខេត្តបានចាកចេញអស់ទៅ ។

តាមច្បាប់ ភ្នំ បឹង ស្ទឹង អូរ ព្រែក ទន្លេ ផ្លូវ ថ្នល់ និងសមុទ្រ គឺជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋដែលគ្មានច្បាប់ណា អនុញ្ញាតឲ្យបំពានយកធ្វើជាកម្មសិទ្ធិឯក ជននោះទេ។ ការធ្វើសម្បទានក្នុងរយៈ ពេលកំណត់ណាមួយគឺជារឿងផ្សេង ។

មហាជនបានរិះគន់ថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងតែងចំពោះជនទុច្ចរិត ជាពិសេសក្រុមមន្ត្រី ឬឈ្មួញមានលុយមានអំណាច ទេនោះ ដោយគ្រាន់តែធ្វើកិច្ចសន្យា ធ្វើកំណត់ហតុ ឬបញ្ជាឲ្យកាយអាចម៍ដីចេញ គឺគ្រាន់តែ ធ្វើឲ្យល្អមើលតែមួយភ្លែត ដើម្បីបំភាន់ភ្នែកមហាជនតែប៉ុណ្ណោះដូច្នេះក្រុមជនទុច្ចរិតផ្សេងទៀត នឹងយកតាមគំរូអាក្រក់នេះជាក់ ជាមិនខាន ។

ប្រជាជនបាននិយាយថាបើករណីចាក់ដីបំពានដោយខុសច្បាប់ហើយមាន ដំណោះស្រាយត្រឹមទៅហាមឃាត់ និងឲ្យកាយចេញវិញនោះមិនខុសពី«ការវែកចក នោះទេ» បើគ្មានការផាកពិន័យនិងផ្តន្ទាទោសឲ្យធ្ងន់ធ្ងរ។ គេទន្ទ្រានយកភ្នំយក សមុទ្ររបស់ជាតិ បែរជាគ្មានទោស តើចាំបាច់អីទៅផ្តន្ទាទោសចោរឆក់កាបូបនោះ!៕ ហេង សូរិយា


ចែករំលែក៖