ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអភិវឌ្ឍន៍ជនបទជួសជុលផ្លូវឡើងវិញហើយ តែប្រជាពលរដ្ឋស្នើសុំឲ្យចាក់កៅស៊ូទើបធានាគុណភាពបាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្លូវមួយខ្សែមានប្រវែង៥០គីឡូម៉ែត្រ ដែលរងការខូចខាតជារៀងរាល់ឆ្នាំនោះ ក្រោយពីរដូវវស្សា ត្រូវបាន​មន្ត្រីជំនាញរបស់ក្រសួងអភិវឌ្ឍន៍ជន និងកងវិស្វកម្មបានដាក់គ្រឿងចក្រ មកជួសជុលផ្លូវក្រាលក្រួសក្រហមឡើងវិញ ដែលចេញពីចំណុចផ្លូវបំបែកដុងក្រឡ ចូលទៅកាន់ស្រុកសៀមប៉ាងហើយ នៅក្នុងដើមខែវិច្ឆិកានេះ ដើម្បី សម្រួលដល់ការធ្វើចរាចរណ៍ ទៅមក របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ថាន រស់នៅ ភូមិ សំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានលើកឡើងថា៖ ប្រជាពលរដ្ឋ​រស់នៅស្រុកសៀមប៉ាងទាំងមូល បានសម្តែង​​ការសាទរពន់ពេកណាស់​បានឃើញក្រុមការងារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ របស់ក្រសួង និងកងវិស្វកម្មយកគ្រឿងចក្រមកធ្វើផ្លូវ ឲ្យពួកគាត់ងាយស្រួលធ្វើដំណើរ ក្រោយពីខូចខាត ដោយសារទឹកភ្លៀង និងក្រុមឈ្មួញរកស៊ី ដឹកបទល្មើសផ្សេងៗផ្ទុកលើសទម្ងន់ធ្វើឲ្យខូច តែពួកគាត់ ក៏សូមស្មើសុំឲ្យថ្នាក់ខេត្ត និងក្រសួងមេត្តាជួយសម្រួលចាក់កៅស៊ូតែម្តងទៅ ទើបធានាដល់ការប្រើប្រាស់ និងដឹកលើសទម្ងន់បំផ្លាញផ្លូវនេះម្តងទៀត ជាពិសេសគឺនៅរដូវវស្សា ។

លោកបានបន្តថា ព្រោះផ្លូវកៅស៊ូ អាចប្រើប្រាស់បានយូរអង្វែង ប្រជាពលរដ្ឋ ក៏ស្រួលធ្វើរដំណើរជាងមុន ដោយសារកន្លងមក ផ្លូវមួយខ្សែនេះ មន្ត្រីបច្ចេកទេស ចំណាយពេល​ជួសជុលជារៀងរាល់ឆ្នាំ​ ហើយចំណាយថវិកាជាតិ ក៏មិនតិចដែរ ហើយប្រជាពលរដ្ឋ​លំបាកធ្វើដំណើរដដែល ។

ករណីខាងលើនេះ ភ្នាក់ងារព័ត៌មានទាក់ទងទៅលោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សួរនាំរឿងនេះ មិនបានទេ ដោយសារទូរស័ព្ទមិនចូល ។ តែទោះជាយ៉ាងណា លោក ផាន់យុទ្ធ អភិបាលស្រុកសៀមប៉ាង​បាន​បញ្ជាក់ថា បញ្ហាផ្លូវនេះ លោកបានស្នើសុំទៅគ្រប់ស្ថាប័នពាក់ពន្ធ័រួចហើយ ឲ្យចាក់កៅស៊ូ តែការសម្រេចយ៉ាងណានោះ គឺក្រសួងអភិវឌ្ឍន៍ជនបទ និងរាជរដ្ឋាភិបាលជាអ្នកកំណត់ ព្រោះទំហំនៃការចំណាយ ត្រូវប្រើប្រាស់ថវិកាច្រើន ។

លោកបន្តថា បច្ចុប្បន្ន ​មន្ត្រីជំនាញដាក់គ្រឿងចក្រ​មក​ឈូសឆាយសម្រួល​បានប្រមាណជិត២០ភាគរយហើយ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យបងប្អូន​ធ្វើ​ដំណើរ​​ចេញ ចូល និងចៀសផុត ពីគ្រោះថ្នាក់​ហើយអ្នកជំងឺ ក៏ស្រួលទៅរកសេវាសុខាភិបាល​​ផងដែរ ។

គួររំលឹកថា ផ្លូវនេះ ខូចជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវវស្សា ហើយការធ្វើផ្លូវនេះ រងការខូចខាត សឹងទាំងស្រុង ធ្វើឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរទៅមក ហើយដោយសារមានភាព ប្រទាញ់ប្រទង់គ្នា រវាងក្រសួងអភិវឌ្ឍន៍ជនបទ នឹងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបការស្ថាបនាមិនបានឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋរស់នៅស្រុកសៀមប៉ាងទាំងមូល ​រង់ចាំមើលថា តើប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានណែនាំឲ្យមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើឲ្យបានល្អជាងមុន- លឿនជាងមុន ជាប់ជាងមុន និងមានគុណភាពជាងមុន តើមានប្រសិទ្ធភាព ឬយ៉ាងណានោះ ព្រោះផ្លូវដែលមាន ប្រវែងជា៥០គីឡូម៉ែត្រ នេះ​ ធ្វើស្ទើតែរាល់ឆ្នាំទៅហើយ ងាកខ្លួនមិនទាន់ ខូច​បាត់ អស់តែថវិកាជាតិតែប៉ុណ្ណោះ ៕ មាស សុផាត


ចែករំលែក៖