ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្លន់រថយន្តនៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យលួចប្លន់យករថយន្តពីម្ចាស់ផ្ទះដែលខ្លួននៅបម្រើការជាមួយក្នុងក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង៣០នាទី ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡាយ សុផន ភេទប្រុស អាយុ៣៩ឆ្នាំ ឃាត់ខ្លួនបាននៅចំណុចស្រុកពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធករណីលួចមានស្ងានទម្ងន់ទោស (ប្លន់រថយន្ដ) ដែលប្រព្រឹត្តនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានដកហូតរថយន្ដមួយគ្រឿង ម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-2718 ។
បន្ទាប់ពីឃាត់ខ្លួន និងឆ្លងតាមការសួរនាំ កម្លាំងការិយាល័យ បានបន្ដទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ហុង សារឿន អាយុ៥០ឆ្នាំ នៅចំណុចភូមិពុទ្ធសាំង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដោយឈានដល់ការដកហូតអាវុធខ្លីមួយដើម ដែលដាក់ក្នុងកំសៀវកប់ដីក្រោមដើមត្របែកនៅក្រោយផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ ម៉ាកCZ2075 លេខA257297 បង់មួយ គ្រាប់១០គ្រាប់ ។
បើតាមរបាយការណ៍ពីនគរបាលបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ ហុង សារឿន កាលពីអំឡុងឆ្នាំ២០០០ ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ទៅលើមនុស្ស២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដោយប្រើកាំភ្លើងវែងម៉ាក AK47 នៅភូមិរវាង ស្រុកទ្រាំង ខេត្តតាកែវ និងបានជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០០ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ នៅពន្ធនាគារ ខេត្តតាកែវ ។
ដោយឡែកឈ្មោះ ឡាយ សុផល ក៏ធ្លាប់ជាប់ពន្ធនាគារ១១ឆ្នាំផងដែរ ពីបទប្លន់ នៅឆ្នាំ២០០០ ដល់ឆ្នាំ២០១១ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
ក្រោយការឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទាំង២នាក់ និងសម្ភារដកហូតខាងលើ មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ រួចបានប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ចាត់ការបន្ដតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

ចែករំលែក៖