ខេត្តកណ្ដាល៖ បុរសជាអ្នកថ្មើរជើងម្នាក់ត្រូវរថយន្ដបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ដែលបុរសរងគ្រោះខាងលើបានដើរឆ្លងផ្លូវសំដៅទៅផ្ទះរបស់ខ្លួន ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ត្រង់ចំណុចទល់មុខរោងចក្រផលិតទឹកកក ស្ថិតក្នុងភូមិ ទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ អ៊ុកសុង ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ រីឯរថយន្ដមិនស្គាល់ម៉ាកបើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនក្រោយកើតហេតុ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើងខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវ លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែមានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបើកដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់បានជ្រុលទៅបុកជនរងគ្រោះកំពុងឆ្លងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដបានបើកររត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍បានចុះមកពិនិត្យវាស់វែងសាកសពជនរងគ្រោះ រួចប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ