ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុកក្បាលនាគ ពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នទំនងងងុយដេកងោកមួយភាំង ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ តែម្ចាស់រថយន្តមិនរងរបួសស្រាលប៉ុណ្ណោះ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនៅចំណុចក្តាន់ពីរ កែងផ្លូវR6 ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់អាយុប្រហែលជាង៣០ ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5395 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច បើកក្នុងល្បឿនយ៉ាងលឿន ម្ចាស់រថយន្តទំនងជាស្រវឹងស្រាជោកជាំ ហើយងងុយដេកងោកមួយភាំង ក៏រេចង្កូតមកបុកចំក្បាលនាគពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្តាលឲ្យខូចខាតទ្រូងផ្លូវដួលរលំមួយកង់ហើយចំណែករថយន្តបង្កដោយសារតែល្បឿនលឿនពេក ក៏ក្រឡាប់ផ្ងារជើងឡើងលើផ្ទុះពោងទាំងសងខាង ចំណែកម្ចាស់រថយន្តរងរបួសបែកក្បាល តែនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ ។

គួររំលឹកដែរថា នៅកន្លែងកើតហេតុនេះ តែងតែមានរថយន្ត បើពុំនោះទេ គឺម៉ូតូបុកទ្រូងផ្លូវរហូត ខ្លះឈានទៅដល់គ្រោះថ្នាក់បាត់បង់ជីវិតទៀតផង ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ចាន់ធឿន


ចែករំលែក៖