ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូយកទៅបញ្ចាំ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ) ។ ការឃាត់ខ្លួនជនសង្ស័យខាងលើកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទី នៅចំណុចផ្ទះសំណាក់សម្បត្តិមាស ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ នូ អ៊ិតភីរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រួបង្រៀន ស្នាក់នៅក្នុងវិទ្យាល័យសុខអានព្រៃសណ្តែក ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ (គ្មានសារធាតុញៀន) ។

ចំណែកជនងគ្រោះឈ្មោះ ផាត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវបេតុង ភូមិកោះដាច់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FK-7325 (ម៉ូតូរបស់ជនរងគ្រោះ) ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យជាមិត្តភក្តិ នឹងគ្នា បានមកជួលបន្ទប់ផ្ទះសំណាក់សម្បត្តិមានស្នាក់នៅ (ចំណុចកើតហេតុខាងលើ) លុះព្រឹកឡើងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៦ និង១០នាទី ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូ ពីជនរងគ្រោះដោយនិយាយប្រាប់ជនរងគ្រោះថា ខ្ចីម៉ូតូជិះទៅដូរខោអាវ ក្រោយពីបានខ្ចីម៉ូតូបានហើយ ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំ ក្នុងតម្លៃចំនួន៦៧០ដុល្លារ រួចយកលុយទៅលេងល្បែងចាញ់អស់ ។ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង ១០នាទី មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យវិញ ជនរងគ្រោះបានដើររកឃើញជនសង្ស័យនៅម្តុំមុខសាលាគរុកោសល្យ (សង្កាត់ចតុមុខ) រួចជនរងគ្រោះ និងមិត្តភក្តិឈ្មោះ មុំ វ៉ារ៉េន បាននាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យ បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុងសីហា


ចែករំលែក៖