ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ រស់នៅភូមិឃ្លាំងមឿង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន កាលពីវេលា៨និង០០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីបទហិង្សាដោយចេតនា។
ជនសង្ស័យឈ្មោះ ថើន ភានិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិឃុំខាងលើ។ ជនរងគ្រោះឈ្មោះ សុខ ឈាន អាយុ១៤ឆ្នាំ ភេទប្រុស រស់នៅភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមដំណើររឿងបានឲ្យដឹងថា ក្នុងពិធីរាំធុងបាស់ អបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ នៅចំណុចវត្តប្រសិទ្ធិកេរ្តិ៍ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ក៏បានទាស់សម្តីគ្នាវាយទៅលើជនរងគ្រោះឈ្មោះ សុខ ឈាន បណ្តាលឲ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនសង្ស័យឈ្មោះ ថើន ភានិត គឺសមត្ថកិច្ចធ្វើឡើងតាមបញ្ជាលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥ វេលាម៉ោង៨និង៥០នាទីព្រឹក បញ្ជាឲ្យចាប់ខ្លួនជនសង្ស័យរូបនេះមកស្នងការដ្ឋាននគរបាលខេត្ត ។
បច្ចុប្បន្ន ជនសង្ស័យកំពុងបង្កសំណុំរឿងបញ្ជូនមកកាន់ស្នងការ ដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី២៦នេះ ដើម្បីចាត់ការបន្ត ៕ ប៉ឹម ពិន