ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ ខណៈដែលត្រឡប់មកពី២នាក់ប្ដីប្រពន្ធត្រឡប់មកផ្ទះ ស្រាប់តែឃើញចម្រឹងបង្អួច មានការគាស់ទម្លុះ ដោយបានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់ទន្លេខាងលិចស្ពានគយត្របែក ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ខេន ពេជ្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីមន្ទីរវប្បធម៌ ខេត្តស្វាយរៀង មានប្រពន្ធ បម្រើការងារនៅមន្ទីរព័ត៌មានខេត្តស្វាយរៀង រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ប្រភពបន្តថា ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ រួមមានខ្សែកផ្លាកទីន០២ខ្សែ ទម្ងន់៥ជី ចិញ្ជៀនមាស០២វង់ ទម្ងន់០២ជី ចិញ្ចៀនផ្លាកទីន០១វង់ មានដាំត្បូងពេជ្រតម្លៃ៥០០ដុល្លារ និងប្រាក់រៀល១២០០.០០០រៀល ។
បើតាមម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុគាត់ និងប្រពន្ធរៀបចំខ្លួន និងបានចាក់សោបន្ទប់ និងពិនិត្យច្បាស់លាស់ ទើបនាំគ្នាជិះចេញទៅដូចសព្វដងរហូតមកដល់ម៉ោង១១ព្រឹក ក៏បានឌុបគ្នាត្រឡប់មកផ្ទះវិញ ស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោ ខណៈឃើញចម្រឹងបង្អួច មានការគាស់ទម្លុះទើប ប្រញាប់ប្រញាលរត់ចូលក្នុងផ្ទះឃើញសភាពរញ៉េរញៃពេញបន្ទប់ និងមានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងធ្វើកំណត់ហេតុ និងស្រាវជ្រាវរកមុខសញ្ញាមកកាត់ទោសច្បាប់ឲ្យខាងតែបាន ៕ យឹម សុថាន