ខេត្តកំពង់ស្ពឺ៖ រថយន្ត២គ្រឿងដែលចតនៅយានដ្ឋានមួយកន្លែង ត្រូវចោរលួចយកទៅបាត់ដោយសុវត្ថិភាព និងគ្មានខ្លាចក្រែងកាមេរ៉ាសុវត្ថិភាពបន្តិចសោះឡើយ ។
ករណីបាត់រថយន្តនេះ កើតឡើងកាលពីវេលាម៉ោង១និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅយានដ្ឋាន A.E.C ភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម្ចាស់ឈ្មោះ លឹម ចាន់វុធ ភេទប្រុស អាយុ៣៥ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាខាងលើ មានករណីលួចរថយន្តចំនួន០២គ្រឿង ១/ រថយន្ត ឡិចសុីស Rx 300 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ2G 5250 ។ ២/ រថយន្ត ហាយឡេនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AH 5274 ។
ប្រភពបន្តថា រថយន្តទាំង២គ្រឿង ចតទុកនៅយានដ្ឋានខាងលើ ហើយត្រូវក្រុមចោរធ្វើសកម្មភាពលួចយកទៅដោយសុវត្ថិភាព និងមិនខ្លាចញញើតកាមេរ៉ាសុវត្ថិភាពថតជាប់រូបពួកគេឡើយ ។ ទោះជាយ៉ាងណា ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាចោរលួចយកមកផ្តន្ទាទោសតាមច្បាប់ ៕ សេនាស័ក្តិ