ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីចំនួន ៣នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូបុកអ្នកថ្មើរជើង នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៃស្រុកវាលវែង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៥.៨៦ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុលើកឡើងស្រឌៀងៗគ្នាថា មុនដំបូងគេឃើញស្រ្តីឈ្មោះ ភឿក ផល្លី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង និងអ្នករួមដំណើរឈ្មោះ មុន យ៉ាងសី ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ.ឃុំជាមួយគ្នា ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW 0585 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកកំពុងដើរលើថ្នល់ បណ្ដាលឲ្យដួលរដូករណែលរងរបួសធ្ងន់ទាំង ៣នាក់ ។
ប្រភពដដែលបន្តទៀតថា ស្រ្តីធ្វើដំណើរស្មើជើងត្រូវបានគេស្គាល់ឈ្មោះ ធាង ជា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ស្រ្តីរងរបួសធ្ងន់ទាំងសងខាង(៣នាក់)ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូសមត្តកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង យកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន