ប៉ោយប៉ែត៖ នគរបាល ក្រុងប៉ោយប៉ែតចាប់បញ្ជូនជនសង្ស័យទៅស្នងការខេត្តបន្ទយមានជ័យ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៨ បន្ទាប់ពីបានឃាត់ខ្លួន ជនដៃដល់ ដែលប្រើកាំបិត កាប់ទៅលើ អ្នករត់ម៉ូតូឌុប នៅផ្លូវដើមពុទ្រា ដែលហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២២ និង ១០នាទី ដែលជាករណីហិង្សា ដោយចេតនា កើតឡើងនៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនបង្កមានគ្នាចំនួន៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ប្រដាប់ដោយកាំបិតធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យ រងរបួសជើងខាងឆ្វេង ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេច ខ្លួនបាត់ មូលហេតុ គឺជនទាំង៣នាក់នោះ បាននាំគ្នាបង្កទំនាស់រកវាយជនជាតិចិន ពេលនោះអ្នករត់ម៉ូតូឌុបនៅទីនោះ ឃើញស្រែក កុំឲ្យពួកគេ វាយជនជាតិចិន ឮបែបនោះ ពួកគេបានជិះម៉ូតូទៅបាត់មួយសន្ទុះ ហើយត្រឡប់មកវិញ យកកាំបិតកាប់ជនរងគ្រោះតែម្តង។
លុះដល់ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានស្រាវជ្រាវស៊ើបអង្កេត ចាប់បាន ជនសង្ស័យចំនួន៣នាក់៖ ឈ្មោះ ធី ប៉េងលាង ភេទ ប្រុស អាយុ១៨ឆ្នាំ ជន ជាតិខ្មែរ មុខរបរបិតស្កុតម៉ូតូ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត (អ្នកបើកម៉ូតូ), ឈ្មោះ វ៉ាន់ ពិសាល ហៅសា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត (ជនដៃដល់មានកាន់កាំបិត) និង ឈ្មោះ នួន ហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកត្រី មានទីលំនៅភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បក្ខពួក) និងឈ្មោះហៀង ហៅបៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅខេត្តបាត់ដំបង (រត់គេចខ្លួន ) ។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ៕ វណ្ណា