ខេត្តកំពង់ឆ្នាំង ៖ មានរថយន្តជាច្រើនគ្រឿងបានបុកបន្តកន្ទុយគ្នាពេលមេឃកំពុងភ្លៀង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង១១ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
យោងតាមរបាយការណ៍ប៉ូលីសចរាចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើង ដោយកុងតាន័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 3B.3945 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់គីឡូម៉ែត្រលេខ៦៩ .៧០ រថយន្តនេះបានដាច់កង់ក្រោយខាងឆ្វេង ហើយទៅប៉ះរថយន្តវីហ្គោមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z.23 66 ស្របពេលនោះមានឡានព្រុសមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2AG. 89 91 បើកស្របទិសជាមួយរថយន្តបង្ករ ហើយបានបើកគេចរថយន្តវីហ្គោក៏រេចង្កូតបណ្តាលឲ្យធ្លាក់ប្រឡាយនិងមានរថយន្តដឹកខ្សាច់មួយគ្រឿងទៀតពណ៌ខៀវពាក់ស្លាកលេខកំពង់ឆ្នាំង3B.01 32 បើកពីក្រោយទៅបុករថយន្តវីហ្គោ បណ្តាលឲ្យធ្លាក់ប្រឡាយ ទាំងអស់គ្នាតែម្តង។
នៅក្នុងហេតុការណ៍នេះបណ្តាលឲ្យបុរសម្នាក់រងរបួសត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះមធ្យោបាយបង្ករត្រូវបានប៉ូលីសចរាចរណ៍យកមករក្សាទុកដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕ ចន្ថា