ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ ត្រូវបានវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០ និងខ្មែរចំនួន២។ រោងចក្រទាំងនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាតស្បែកជើងចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។ ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ ៕