ព័ត៌មានទាន់ហេតុការណ៍៖

កាំកុងត្រូលខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការចំពោះអាជីវករដែលមិនយកប្រាក់រៀល និងមិនចេញវិក្កយបត្រជាអក្សរខ្មែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកាំកុង ត្រូល និងមន្ត្រីពាណិជ្ជកម្មទទួលស្គាល់ថា ទោះជាមានការព្រមានចាត់វិធានការផ្លូវ ច្បាប់ យ៉ាងណាក្ដី ក៏ម្ចាស់ហាងលក់ដូរនៅប្លុកកាស៊ីណូក្រុងប៉ោយប៉ែតនៅតែមិន យកប្រាក់រៀល និងមិនសរសេរវិក្កយបត្រជាអក្សរខ្មែរដដែល ។ ហេតុនេះមន្ត្រីជំនាញមានតែកសាងសំណុំរឿង ហើយបញ្ជូនទៅ ឲ្យអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្តបន្ទាយមានជ័យបានអះអាងជាថ្មីដូច្នេះកាលពីថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដឹកនាំមន្ត្រី ជំនាញចុះទៅត្រួតពិនិត្យអប់រំផ្សព្វផ្សាយផ្លូវច្បាប់ និងណែនាំការអនុវត្តសេចក្តីប្រកាសរបស់អន្តរក្រសួងស្តីពីការបិទស្ទីកគ័រលើមុខទំនិញ និងសេវាគ្រប់ប្រភេទជាប្រាក់រៀលលើកទី៣ចំពោះ ពាណិជ្ជករ អាជីវករ និង សេវាករតាមហាង បញ្ជរភោជនីដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ម៉ាតសេវាកម្មនានា ទាំងក្នុងអគារនិងក្រៅ អគារនៅប្លុកកាស៊ីណូនានានៅក្រុងប៉ោយប៉ែតតាំងពីខែ កញ្ញាដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សូមបញ្ជាក់ដែរថា នៅតាមខេត្តជាប់ ព្រំដែនថៃ រួមទាំងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក៏ដូចក្នុងប្លុកកាស៊ីណូទាំងនេះ ប្រាក់រៀលខ្មែរគេប្រើសម្រាប់តែទិញទំនិញម្ហូបអាហាររបស់ប្រើប្រាស់កំប៉ិកកំប៉ុកបង់សេវាផ្សេងៗមានតម្លៃតិចនិងមធ្យម ប៉ុណ្ណោះ ។ រីឯទំនិញឬរបស់ណាមានតម្លៃ ច្រើនដំកំភួនមានដូចជាផលិតផលបរទេស ថ្លៃដីធ្លី និងកសិផលខ្មែរត្រូវបានគេទូទាត់ ជាប្រាក់បាត និងដុល្លារ ។

លោកបានបន្តថា មន្ត្រីជំនាញបានចុះអនុវត្តដោយយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្តីពីការបិទស្លាកឬស្ទីកគ័រលើមុខទំនិញនិងសេវាកម្មគ្រប់ប្រភេទ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរដោយធានា ដល់ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី និង ការប្រកួតប្រជែងដោយសមធម៌ ។

បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យរូបនេះថា ប្រការ៨ នៃប្រកាសចែងថា គ្រប់ពាណិជ្ជករ អាជីវករ ទាំងឡាយដែលមិនអនុវត្តតាមប្រកាសនេះ នឹងត្រូវបានចាត់ទុកកិច្ចប្រតិបត្តិការលក់ទំនិញ ជាអំពើខុសច្បាប់ ហើយនឹង ផ្តន្ទាទោសតាមច្បាប់ជាធរមាន ឬផាកពិន័យជាទឹកប្រាក់ចាប់ពី២លានរៀលដល់៦លានរៀល ។

ប៉ុន្តែទីបំផុតពាណិជ្ជករអាជីវករដែលលក់ដូរទំនិញ លក់ម្ហូបអាហារនៅបរិវេណប្លុកកាស៊ីណូ ក្រុងប៉ោយប៉ែតមិនព្រមអនុ វត្ដរហូតដល់៨០ទៅ៩០ភាគរយ ។ ដោយ លោកព្រមានថាចំពោះឥរិយាបថផ្គើននិងប្រមាថបែបនេះនៅពេលខាងមុខនឹងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅឲ្យអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី ។ ឧទាហរណ៍ដូចជា នាំខ្លួន ចាប់ខ្លួនបញ្ជូនទៅឃុំខ្លួនជាដើម ៕ ហេង សូរិយា


ចែករំលែក៖