ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង លើការមិនឱ្យប្រើប្រាស់ម៉ាស៊ីនថតរូបនិងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនោះឡើយ ពិសេសផ្លូវ ហោះហើររបស់យន្តហោះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា មាន បុគ្គលមួយចំនួនតូចបានបង្ហោះម៉ាស៊ីនថតរូប និង Drone ដោយបានបង្ហោះជាល្បែង លេងកម្សាន្ត ពុំមានការអនុញ្ញាតត្រឹមត្រូវ ពុំដឹងពីផលប៉ះពាល់លើផ្នែកសន្តិសុខ និង សុវត្ថិភាព ពិសេសបានបង្ហោះនៅក្នុងតំបន់ហាមឃាត់ជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងចំផ្លូវហោះហើររបស់យន្តហោះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ជាយថាហេតុចំពោះយន្តហោះ ។
ដើម្បីរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពក្នុងរាជធានីភ្នំពេញពិសេសបញ្ចៀសបាន គ្រោះថ្នាក់កើតឡើងជាយថាហេតុ ចំពោះការហោះហើររបស់យន្តហោះរដ្ឋ បាលរាជធានីភ្នំពេញ ស្នើអ្នករស់នៅជុំវិញផ្លូវហោះហើររបស់យន្តហោះចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់ការឱ្យបានម៉ឹងម៉ាត់ ដោយពុំត្រូវឱ្យមានការបង្ហោះម៉ាសុីនថតរូប និង Drone ក្នុងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញផ្លូវហោះហើររបស់យន្តហោះដោយគ្មានច្បាប់អនុញ្ញាតដាច់ខាត។ ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕ ហេង សូរិយា