ភ្នំពេញ ៖ ក្រុមចោរបានចូលលួចទូដែកផ្ទះមួយក្នុងបុរីចំការមនគិតជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងផ្ទះលេខD២៩ បុរីចំការមន ផ្លូវDបេតុង ក្រុម៦ ភូមិទី១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ LI TAO ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ មុខរបរ អ្នកជំនួញ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
សម្ភារបាត់បង់រួមមានចិញ្ចៀនលោហធាតុពណ៌សមួយវង់ តម្លៃប្រហែល១៥.០០០ ដុល្លារ,កងដៃលោហធាតុពណ៌សដាំត្បូងពេជ្រតម្លៃ ១ម៉ឺនដុល្លារ, ក្រវិលដាំត្បូងពេជ្រ១គូតម្លៃប្រហែល៣ម៉ឺនដុល្លារ,ចិញ្ចៀននិងខ្សែកលោហធាតុពណ៌សមួយចំនួនទៀតប្រហែល១ម៉ឺនដុល្លារ, បណ្ណបញ្ញើប្រាក់ ធនាគារប្រៃណីសយ៍១សន្លឹកលុយចំនួន៣ម៉ឺនដុល្លារ,កាក់មាសប្រាក់ប្រហែល៥០កាក់ តម្លៃ៣ម៉ឺនដុល្លារជាង,កាបូបស្ពាយម៉ាកLV ពណ៌ខ្មៅមួយតម្លៃ២០០០ដុល្លារ,ប្លង់ផ្ទះលេខC៦០២, វិមានកុលាប១, ប្លង់ដីនៅសង្កាត់ភ្នំពេញថ្មី១សន្លឹក, ប្លង់ផ្ទះលេខ ៩២៣-SA(C២) នៅសង្កាត់អូឡាំពិក, ប្លង់ ខុនដូរីវើវ៉ាកោះពេជ្រ១, ពាក្យស្នើកាន់កាប់ដីធ្លីនៅខេត្តសៀមរាប១សន្លឹក, នាឡិកាដៃចំនួន៤គ្រឿងសរុបតម្លៃ១៦ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រ១គ្រាប់តម្លៃ៤ម៉ឺនដុល្លារ។ ចំណែកសម្ភារដកហូតមានស្លាកស្នាម ក្រយៅម្រាមដៃ១កន្លែង ។
ប្រភពពីឈ្មោះ ដា ធារី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរអ្នកបម្រើនៅផ្ទះលេខ ៩២៤ផ្លូវលំ ភូមិតារាបដូនស ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល ស្នាក់នៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧និង ២០នាទី ម្ចាស់ផ្ទះនិងក្រុមគ្រួសារបានចេញទៅដើរលេងបាត់ចំណែកនាង ក៏នៅបោសសម្អាតផ្ទះរួចរហូតដល់ម៉ោង១២និង២០នាទីនាងក៏ចាក់សោទ្វារផ្ទះនិងទ្វាររបងគ្រាន់តែខ្ទាស់ពុំមានចាក់សោទេដោយនាងចេញទៅផ្ទះនៅកៀនស្វាយខេត្តកណ្តាល លុះ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីនាងក៏ត្រឡប់មកវិញ បើកទ្វាររបងចូល ស្រាប់តែឃើញទ្វារផ្ទះគ្រាន់តែបិទផ្អឹបនឹងកូនសោឡាននិងសោផ្ទះនៅលើកៅអីខាងក្រៅហើយ នាងក៏ឡើង ទៅលើផ្ទះឃើញទូដែកក្នុងបន្ទប់ម្ចាស់ផ្ទះបាត់ ទើបនាង ៏ទូរស័ព្ទទៅអ្នកបកប្រែម្ចាស់ផ្ទះឲ្យប្រាប់ទៅម្ចាស់ផ្ទះថាមានចោរចូលលួចទូដែក ។
ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទីគ្រួសាររបស់គាត់បានចេញពីផ្ទះទៅដើរលេងនៅខេត្តកោះកុងទុកឲ្យអ្នក បម្រើឈ្មោះ ដា ធារី នៅមើលផ្ទះ។ លុះ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុម គ្រួសារបានជិះយន្តហោះទៅលេងប្រទេសថៃរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី ឈ្មោះយ៉ាំង ឡឺ ភេទប្រុសជាអ្នកបកប្រែឲ្យគាត់បាន ទូរស័ព្ទមកប្រាប់ថាមានចោរលួចទូដែក ក្នុងផ្ទះ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ