ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី សង្ស័យបែកថ្នាំ

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់បានដើរមករកលោតទឹកពី​លើស្ពានជ្រោយចង្វាថ្មី​ សង្ស័យបែកថ្នាំ ត្រូវបានកម្លាំង​សណ្ដាប់​ធ្នាប់ខណ្ឌជ្រោយចង្វាជួយចាប់ទាន់​ បង្កការណ៍​ភ្ញាក់ផ្អើលកាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨​ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងភូមិដើមគ​​ ​សង្កាត់​ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីដែលរកលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះ​ ម៉ន​ ស្រីនូ​ អាយុជាង២០ឆ្នាំ​ មិនដឹងកន្លែងស្នាក់នៅ ។ ​

ប្រភពពត៌ពីបុរសម្នាក់ដែលជាកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វរដាក់គោលដៅយាមកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងគាត់បានប្រទះឃើញនារីរូបនេះ បានធ្វើដំណើរថ្មើជើងឡើងលើស្ពានក្នុងទិសដៅពីត្រើយខាងលិចមកកើត​ ខណៈមក​ដល់ចំណុចកើតហេតុ ស្រាប់តែនាងបានឡើងលើបង្កាន់ដៃស្ពានបម្រុងលោតចុះទៅក្នុងទឹក ក៏ត្រូវបានរូបគាត់ស្ទុះទៅចាប់ទាន់យកមកគល់ស្ពានត្រើយខាងកើតដើម្បីសួរនាំ​ តែបែរជានាងនិយាយទៅមុខ​ ទៅក្រោយ មិនដឹងខុសត្រូវ និងបានជេប្រមាថទៅលើកម្លាំង​សមត្ថកិច្ច និងកម្លាំងសណ្ដាប់ធ្នាប់​ ពួកគាត់ ថា ពួកឯងមកឃាត់អញធ្វើអី​ អញចង់ងាប់​ ដោយសារពួកឯង មកចាប់ ទើបអញ មិនងាប់​ ។

បន្ទាប់មក កម្លាំងសមត្ថកិច្ច និងកម្លាំងសណ្ដាប់ធ្នាប់ដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើត បានហៅរ៉ឺម៉កម៉ូតូកង់បី​ និងបាន​ចាប់លើកដាក់លើរឺម៉កម៉ូតូកង់បី​យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា​ ដើម្បីស្វែងរកក្រុមគ្រួសារ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖