នៅថ្ងៃទី២៨ ខែវិច្ឆិកា មន្ត្រីក្នុងតំបន់បានប្រកាសថា មានហេតុការណ៍ផ្ទុះនៅជិត រោងចក្រគីមី ក្នុងទីក្រុង Zhangjiakou ស្ថិតនៅក្នុងខេត្ត Hebei សម្លាប់មនុស្ស ២២នាក់ និងរបួស២២នាក់ ដូចគ្នា ។ ហេតុការណ៍ផ្ទុះកើតឡើង នៅវេលាម៉ោង ១យប់ ហើយរថយន្តស្ទូច ២៨គ្រឿង និងរថយន្ត ១២ ត្រូវឆេះខ្ទេច ។
ទីក្រុង Zhangjiakou ជាកន្លែង នឹងត្រូវរៀបចំពិធីប្រកួតកីឡា ជិះស្គីលើព្រិល ក្នុងការប្រកួតកីឡា អូឡាំពិករដូវរងារ ដែលចិនធ្វើជាម្ចាស់ផ្ទះ ។
នាយកដ្ឋានផ្សព្វផ្សាយក្នុងស្រុក បានអះអាងតាមគណនីសង្គមព័ត៌មាន Weiboថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅជិតរោងចក្រគីមី ហេប៉ី សេងហួ ស្ថិតក្នុងទីក្រុង ចាងជែគូ ដែលមានចម្ងាយ២០០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងប៉េកាំង ដោយបានឆាប់ឆេះក្លាយជាផេះផង់នូវរថយន្តធំ-តូចចំនួន៥០គ្រឿងផងដែរ ។
ដោយឡែក អ្នករងរបួស ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍ផ្ទុះនេះ កើតឡើងកាលពីវេលាម៉ោង១២ និង៤១នាទីរំលងអធ្រាត្រ ម៉ោងក្នុងស្រុក ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ហេតុអ្វីបានជាមានហេតុការណ៍ផ្ទុះនេះកើតឡើង ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើង៕ ម៉ែវ សាធី