ក្រោយហេតុការណ៍ប៉ះទង្គិចគ្នា នៅលើដែនសមុទ្រ ដោយរុស្ស៊ី បានចាប់នាវាចម្បាំង អ៊ុយក្រែន ៣គ្រឿងមក ស្ថានភាពកាន់តែតានតឹងថែមទៀត ក្រោយប្រធានាធិបតីរុស្ស៊ី លោក ពូទីន បដិសេធពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី អ៊ុយក្រែន ។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានបញ្ជូនយន្តហោះ ចម្បាំង ៥០០គ្រឿង និងឧទ្ធម្ភាគចក្រ៣៤០គ្រឿង នៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន ។
សកម្មភាពខាងលើ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមទ្រង់ទ្រាយធំកើតឡើង រវាងរុស្ស៊ី នឹងអ៊ុយក្រែន ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា ប្រសិនបើមានការផ្ទុះ សង្គ្រាមនោះ តំបន់ភាគខាងកើតអ៊ុយក្រែន នឹងត្រូវធ្លាក់ចូលក្នុងដៃរុស្ស៊ីដូចជាតំបន់គ្រីមៀបច្ចុប្បន្ន ។
សារព័ត៌មាន Ukrinform បានដកស្រង់សម្តី អ្នកនាំពាក្យ ក្រុមចារកម្ម អ៊ុយក្រែន លោក VadymSkitbitsky បានបញ្ជាក់ថា ជាមួយនឹងការប្រមូលផ្តុំកម្លាំងទាហាន និង សព្វាវុធយ៉ាងច្រើនបែបនេះ គឺជាការប៉ុនប៉ងឈ្លានពានទឹកដីអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ។
តាមការលើកឡើងរបស់លោក VadymSkitbitsky ចាប់តាំងពីឆ្នាំ ២០១៣មកទល់ពេលនេះ រុស្ស៊ីបានបង្កើន ការអភិវឌ្ឍផ្លូវហោះហើរនៅតាមព្រំដែនជាប់ប្រទេសអ៊ុយក្រែន ។ ក្រុមអ្នកបើកបរយន្តហោះចម្បាំង ដែលឈរជើងនៅក្បែរព្រំដែននោះ គឺសុទ្ធតែបានឆ្លងកាត់ ការធ្វើសង្គ្រាមវាយប្រហារពិតនៅក្នុងប្រទេសស៊ីរី នាពេលកន្លងមក ។ ទាំងនោះហើយ ក្រុមអាកាសយានិក យន្តហោះចម្បាំងរុស្ស៊ី មានបទពិសោធន៍នៅក្នុងការ វាយប្រហារទម្លាក់គ្រាប់ទៅលើ ទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន ។
កន្លងមក វិមានក្រឹមឡាំង រុស្ស៊ីបានផ្តោតសំខាន់ទៅលើការហ្វឹកហាត់ និងដាក់ពង្រាយកម្លំាងទាហាន សព្វាវុធនៅតាមព្រំដែន និង នៅជាប់តំបន់អឺរ៉ុប ។ កម្លាំងទាហានរុស្សី ក្រៅពីធ្លាប់ចូលរួមនៅក្នុងសមរភូមិពិត ក្នុងប្រទេសស៊ីរី នៅមានការបង្កើនសមត្ថភាព នៅក្នុងការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ ដែលមានឈ្មោះថា Kavkaz 2016,2017,2018 កន្លងមក ។
ជាមួយគ្នានេះ អ៊ុយក្រែនបានប្រកាស ច្បាប់អាជ្ញាសឹក នៅតាមតំបន់ព្រំដែន ក្នុងរយៈពេល៦០ថ្ងៃ ក្រោយមានការប្រឈមមុខតានតឹងជាមួយរុស្ស៊ី ៕ ម៉ែវ សាធី