ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអ៊ុយក្រែន ជីករូង«ត្រង់សេ»ត្រៀមលក្ខណៈសង្គ្រាមជាមួយរុស្ស៊ី

ចែករំលែក៖

ពលរដ្ឋនៅទីក្រុង Mariupol ស្ថិតនៅឆ្នេរសមុទ្រ Azov បានចាប់ផ្តើមជីក រូង «ត្រង់សេ»ត្រៀមលក្ខណៈ ស្មារតីសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ក្រោយហេតុការណ៍នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង ត្រូវរុស្ស៊ីចាប់ ។ ជាមួយគ្នានេះ រុស្ស៊ីបានបញ្ជូនសព្វាវុធ យន្តហោះចម្បាំង និងយោធាជាច្រើនទៅកាន់ព្រំដែន ។

សកម្មភាពខាងលើរបស់ពលរដ្ឋ និងកម្លាំងទាហានអ៊ុយក្រែន កើតឡើង ក្រោយពេលដែល អ៊ុយក្រែនបានប្រកាស ច្បាប់អាជ្ញាសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនរុស្ស៊ី ។ ជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន បាន ប្រកាស សង្គ្រាមទ្រង់ទ្រាយធំជាមួយ រុស្ស៊ី ។

នៅពេលនេះ កម្លាំងទាហានអ៊ុយក្រែន បានដាក់នៅក្នុងសភាព អាសន្ន ត្រៀមលក្ខណៈខ្ពស់សម្រាប់សង្គ្រាម ។ ផលលំបាករបស់កម្លាំងទាហានអ៊ុយក្រែននាពេលនេះគឺ ការចុះអ័ព្ទគ្របដណ្តប់នៅទូទាំងឆ្នេរសមុទ្រ Azov ក្នុងនោះ មានទីក្រុង កំពង់ផែ Mariupol បង្កផលលំបាកយ៉ាងខ្លាំង ដល់ ការតាមដានសកម្មភាពរបស់សត្រូវ ពីសំណាក់ទាហានអ៊ុយក្រែន ។

ទាហានអ៊ុយក្រែនមួយរូបឈ្មោះ Kit អាយុ២៦ឆ្នាំ បាននិយាយទៅកាន់សារព័ត៌មាន AFP ថា «គ្រប់ពេលវេលា នៅពេលដែលទទួលបានបទបញ្ជានោះ យើងនឹងរារាំងការវាយប្រហារ ពីសត្រូវនិងការពារ ទីតាំង ដែលយើងឈរជើង ។ កម្លាំង ការពារតាមដែនសមុទ្រ គឺជាទាហានជួរមុខ ក្នុងការការពារ ហើយប្រសិនបើទីតាំងនានារងការបំផ្លាញនោះ យើងនឹងបើកការវាយប្រហារតបវិញ» ៕ ម៉ែវ សាធី


ចែករំលែក៖