ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានរងរបួសស្ទើរស្លាប់ស្ទើររស់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក សាំយ៉ុង និងម៉ូតូម៉ាក យ៉ាម៉ាហាសុីរូស នៅគ្រាដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង២០នាទី យប់ថ្ងៃពុធ ៦រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៥.១៣៦ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៏លឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A 0745 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូម៉ាក យ៉ាម៉ាហាសុីរូសពេញទំហឹង នៅគ្រាដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគ្គីខាងម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបរថយន្តឃើញហេតុការណ៍បែបនេះបានរត់គេចបាត់។
ប្រភពព័ត៌មានដដែលបន្តទៀតថា ជនរងគ្រោះជិះម៉ូតូម៉ាក យ៉ាម៉ាហាសុីរូស ពណ៏ខ្មៅលាយក្រហម គ្មានស្លាកលេខ ឈ្មោះ ទូច ទីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆាំង(របួសធ្ងន់) ត្រូនបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូបានយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន