ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្ម បានធ្វើសកម្មភាពដេញធាក់ប្លន់ម៉ូតូជនរងគ្រោះ តែមិនបានសម្រេច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ដង្កោកំពុងល្បាតឃើញដេញចាប់បាន៣នាក់ ជាបន្តបន្ទាប់ និងម្នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ឯក តុល តូនី នាយប៉ុស្តិ៍ដង្កោបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿងដេញធាក់បុរសម្នាក់បំណងប្លន់យកម៉ូតូ ភ្លាមៗកម្លាំងនគរបាល ក៏បានចេញអន្តរាគមន៍ដេញចាប់ក្របួចបានចំនួន២នាក់ ដកហូតម៉ូតូបានមួយគ្រឿង ចំណែកជនសង្ស័យ២នាក់ទៀត បានជិះម៉ូតូគេចបាត់ស្រមោល ។ ហើយពីឃាត់យកមកសួរនាំសមត្ថកិច្ចបានតាមជនសង្ស័យបានម្នាក់ទៀត និងដកហូតបានម៉ូតូ១គ្រឿង ។
លោកបន្តថា ជនសង្ស័យដែលឃាត់បាន ទី១ឈ្មោះ ជិន រ៉ាវី យុអា១៨ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទី២ ឈ្មោះឃឿន លីយ៉ា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទី៣ ឈ្មោះ ធី សុធា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរតាមចាប់បក្ខពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ