ខេត្តសៀមរាប៖ ឱសថស្ថានរង (ខ)ខេមរា នៅក្រុងស្ថិតនៅខាងក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលហួសច្បាប់ធ្វើអាជីវកម្ម(អាជ្ញាប័ណ្ណ)ដល់ទៅជាង៦ខែមកហើយនោះនៅព្រឹកថ្ងៃថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះត្រួតពិនិត្យ ។ ប៉ុន្តែ ខណ:នោះម្ចាស់ឱសថស្ថានមិនបង្ហាញច្បាប់ អនុញ្ញាតធ្វើអាជីវកម្មទេ បែរជាបង្ហាញនៅវិក្កយបត្រ បង់ប្រាក់របស់សាលាក្រុង ដែលខ្លួនបានទៅដាក់ពាក្យសុំអាជ្ញាប័ណ្ណបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅឲ្យឃើញទៅវិញ ដល់ពេលសមត្ថកិច្ចសួរនាំបន្ថែមទើបតំណាងម្ចាស់ទីតាំងបានទូរស័ព្ទទៅសាលាក្រុងសៀមរាប ឲ្យអ្នករត់ការរឿងនេះយកអាជ្ញាប័ណ្ណ មកបង្ហាញ ដែលអាជ្ញាប័ណ្ណនេះចេញតាំងពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយលោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប ។ ក្រោយសមត្ថកិច្ចជំនាញបានពិនិត្យថាត្រឹមត្រូវ ក៏បានចូលទៅក្នុងឱសថស្ថានរងពិនិត្យមើលថ្នាំគ្រប់ប្រភេទដែលតាំងលក់ ក្រែងមានក្លែងក្លាយ ប៉ុន្តែមិនបានឃើញដូចការសន្និដ្ឋាននោះទេ ហើយក៏ធ្វើការណែនាំដល់អ្នកលក់ឱថសស្ថាននោះ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការទិញថ្នាំយកមកលក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ។
បើតាមប្រភពពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ឱសថស្ថាននេះ បានសុំអាជ្ញាប័ណ្ណបន្ត ទៅមន្ទីរសុខាភិបាលខេត្តសៀមរាប និង ច្រកចេញចូលតែមួយនៅសាលាក្រុង តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែមិនដឹងយឺតយ៉ាវពីខាងមន្ទីរ ឬខាងសាលាក្រុងនោះទេ ។ លុះសមត្ថកិច្ចយើងចុះត្រួតពិនិត្យនិង ឆែកឆេររកអាជ្ញាប័ណ្ណ ដែលចែញដោយមន្ទីរសុខាភិបាលខេត្តក៏ នៅមិនទាន់ឃើញទៀត ។
ចំណែក តំណាងម្ចាស់ទីតាំងបានអះអាងនៅមុខសមត្ថកិច្ចថា ពួកគាត់បានសុំបន្តអាជ្ញាប័ណ្ណ ជាយូរខែមកហើយ ប៉ុន្តែពេលទូរស័ព្ទទៅសួរអ្នករត់ការប្រាប់ថា មិនទាន់បានទេ រង់ចាំផ្នែកជំនាញ(ថ្ងៃនេះ ថ្ងៃនោះ)មិនចេះចប់ ។ រហូតដល់សមត្ថកិច្ចចុះមកឆែកឆេរទាក់ទងម្តងទៀត ទើបឃើញខាងសាលាក្រុងចេញប័ណ្ណមកឲ្យ ហើយករណីនេះបើពួកគាត់មិនបានទាក់ទងទេ កន្លែងលក់ថ្នាំរបស់ពួកគាត់ មុខជាសមត្ថកិច្ចបិទជាក់ជាមិនខានឡើយ ។
ប្រភពបានបញ្ជាក់ទៀតថា ម្ចាស់ឱថសស្ថាន រង(ខ) ខេមរា មានឈ្មោះ ចាន់ ណារ៉េត ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរឱសថការី មធ្យម ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានចេញលិខិតអនុញ្ញាតរបស់សាលាក្រុងសៀមរាប លេខ០៣៧/១៨ .សខ .ច្រ .ចម .ឱសថស្ថានរង “ខ” ខេមរា ចុះថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៨ ផុតកំណត់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។
ជុំវិញករណីចេញប័ណ្ណយឺតយ៉ាវ ដល់អាជីវករលក់ថ្នាំពេទ្យនោះ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការពន្យល់ឬបំភ្លឺ ពីលោក ពៅ សារ៉ាវុធ អភិបាលរងក្រុង សៀមរាប នោះបានទេ ដោយទូរស័ព្ទរបស់លោក នៅក្រៅតំបន់សេវា ខណៈដែលមហាជនដាក់ការសង្ស័យថា សាលាក្រុងផ្អឹបអាជ្ញាប័ណ្ណនេះដើម្បីផលប្រយោជន៍អ្វីមួយនោះ៕ ប៊ុន រិទ្ធី