ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដឹកនាំរឿង ឆន្ទា លោក ជា ឌីណាង ច្រានចោលដំណឹងស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈ និងអ្នកស្គាល់ផលិតកររឿង ឆន្ទា គឺលោក ជា ឌីណាង ថា បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅតំបន់ភ្នំប្រសិទ្ធិ៍ ។ ផលិតកររូបនេះ ភ្ញាក់ផ្អើលខ្លាំងដំណឹងមួយនេះ និងបានច្រានចោលថា ជាដំណឹងមិនពិត ។

មានការភ្ញាក់ផ្អើលចំពោះព័ត៌មានលេចលឺថា លោកជួបគ្រោះថ្នាក់ចរាចរដ៏រន្ធត់រហូតដល់ស្លាប់កាលពីពេលថ្មីៗនៅភ្នំប្រសិទ្ធិ៍ ។ ព្រោះតែតាមប្រភពពីប្រជាពលរដ្ឋម្នាក់រស់នៅម្ដុំភ្នំប្រសិទ្ធិ៍ បានចែករំលែកដំណឹងថា គេបានឃើញអ្នកដឹកនាំរឿងរូបនេះ រថយន្តបុកមនុស្ស និងមិនព្រមរត់គេច ដោយត្រូវប្រជាពលរដ្ឋវាយសម្លាប់ ហើយដំណឹងនេះមានអ្នកនិយាយតៗគ្នាថាលោក ជា ឌីណាង ពិតជាស្លាប់ពិតមែន ។

ប្រភពបានបញ្ជាក់ថា៖ ខ្ញុំគិតថាប្រហែលជាគាត់ ព្រោះធ្លាប់ស្គាល់ដែរ នាពេលកន្លងទៅ ពេលគាត់ចុះថតរឿងមួយចំនួននៅម្ដុំនេះ ។ ការភ្ញាក់ផ្អើលនេះក៏ស្របពេលដែល ស្នាដៃរបស់លោកគឺរឿង ឆន្ទា កំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN កំពុងទទួលការគាំទ្រពីទស្សនិកជន ។ លោក ជា ឌីណាង បញ្ជាក់ដែរថា អាចនឹងមានការភ័ន្តច្រឡំ មនុស្ស ឬហេតុការណ៍ទាំងនេះ បើលោកបានជួបគ្រោះថ្នាក់ ឬរងការវាយដំមែន អាចនឹងធ្វើឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលខ្លាំងជាងនេះ ។

ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធបញ្ហាជួបគ្រោះថ្នាក់ចរាចរនេះ លោក ជា ឌីណាង ជាអ្នកដឹកនាំរឿង ឆន្ទា ដែលជារឿងកំពុងល្បីល្បាញចូលរួមដោយតារាជើងចាស់ល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានបញ្ជាក់ថា គឺជារឿងយល់ច្រឡំតែប៉ុណ្ណោះ គ្មានហេតុការណ៍បែបនេះកើតឡើងចំពោះលោកឡើយ ។

លោកបានលើកឡើងថា៖ ពិតជាមានការយល់ច្រឡំខ្លះមែន រហូតដល់មានអ្នកខ្លះតេសួរខ្ញុំពីបញ្ហានេះ ។ តែខ្ញុំសូមបញ្ជាក់ថា នេះអាចជាការយល់ច្រឡំតែប៉ុណ្ណោះ ។ ផលិតកររូបនេះបន្តថា ការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួនទំនងជាកើតឡើង អំឡុងពេលលោកថត វីដេអូអប់រំមួយស្ដីពីបញ្ហាគ្រោះថ្នាក់ចរាចរនៅម្ដុំ ភ្នំប្រសិទ្ធិ៍ កាលពីពេលថ្មីៗ ទើបធ្វើឱ្យរឿងយល់ច្រឡំនេះកើតឡើង ។

លោកបានអះអាងថា នាកាលពីពេលថ្មីៗលោកបានចូលរួមថតវីដេអូមួយពីការគ្រោះថ្នាក់ចរាចរ ហើយក្នុងនោះលោកបានចូលរួមសម្ដែង ហើយការថតនោះលោកបានស្លាប់ក្នុងឧបទ្ទេវហេតុផងដែរ ។

គួរបញ្ជាក់ដែរថាលោក ជា ឌីណាង គឺជាផលិតករម្នាក់មានប្រភពមកពីខេត្ត សៀមរាប ។ លោកធ្លាប់ចូលរួមដឹកភាពយន្តជាច្រើនឱ្យបណ្ដាផលិតកម្មនានា តែភាពយន្តធ្វើឱ្យលោកមានឈ្មោះក្នុងពិភពសិល្បៈគឺរឿង ឆន្ទា កំពុងចាក់ផ្សាយនៅ CTN នាពេលនេះ ។

មុនពេលក្លាយជាផលិតករលោក ជា ឌីណាង បានឆ្លងកាត់ការលំបាក់ជាច្រើន ដោយផ្ដើមដំបូងជាអ្នកអូសខ្សែភ្លើងឱ្យផលិតកម្មមួយ ។ តែដោយការស្រលាញ់ និងចូលចិត្តវិស័យភាពយន្តលោកបានខិតខំតស៊ូ រៀនសូត្រជាច្រើនទើបអាចក្លាយជាផលិតករល្បីឈ្មោះម្នាក់ខណៈដែលស្នាដៃលោកជាច្រើនបាននិងកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖