ភ្នំពេញ៖ យុវជនសង្ស័យ២នាក់ត្រូវ នគរបាលឃាត់ខ្លួនពេលកម្លាំងល្បាតប្រទះឃើញ មានការសង្ស័យឆែកត្រួតពិនិត្យ រកឃើញថ្នាំគ្រាប់ ដោយមានការសង្ស័យមានសារធាតុញៀន ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០០ និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចផ្លូវ៦៣កែងផ្លូវ៣៨០ ស្ថិតនៅភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឃាត់យុវជនសង្ស័យទី១ឈ្មោះ ឡុង ពេទ្យ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវ០៧ បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញទី២ឈ្មោះ ជុំ ថាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ អ្នករត់តុក្នុងហាង ស្នាក់នៅផ្ទះលេខ៨៣៨ ផ្លូវ៩៣ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ មុនធ្វើការឃាត់ដោយកម្លាំងនគរបាលប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញមានការសង្ស័យឃាត់ឆែកឆេរ ត្រួតពិនិត្យរកឃើញថ្នាំគ្រាប់ពណ៌ផ្ទៃមេឃមានការសង្ស័យ មានសារធាតុញៀនហើយនាំយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរបន្ត ។
សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរនាំយុវជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពខ្លួនបានទិញថ្នាំញៀនប្រភេទក្រវីKពីមជ្ឃមណ្ឌលរ៉កក្នុង១គ្រាប់តំលៃ៥មុឺនរៀល យកមកទុកផឹកឲ្យសប្បាយរីករាយក្នុងចិត្ត និង អារម្មណ៍រំភើបពេលរាំច្រៀងតែពេលជិះម៉ូតូចេញមកពីមជ្ឃមណ្ឌលរ៉ក ក៏សមត្ថកិច្ចល្បាតឃាត់ខ្លួនបានតែម្ដង ហើយសូមបញ្ជាក់ថា ជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនកន្លងមករយះពេលកន្លះឆ្នាំហើយ និង ធ្វើការឃាត់ខ្លួនពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់ និង ដកហូតវត្ថុតាងខាងលើរួម នឹង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌មាស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ១ HI ០៥២៨ និង កសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ៕ ស រស្មី