ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ចោរលួចឡានម្នាក់ និងអ្នកទទួលផលចោរកម្មពីរនាក់

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយជំនាញស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្តព្រះវិហារ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត និងក្រុមទទួលផលចោរកម្ម បានជាបន្តបន្ទាប់ និងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល សម្រេចចេញដិការឃុំខ្លួនដាក់ក្នុងពន្ធនាគារបណ្តោះអាសន្ន ។

ជាក់ស្តែងករណីលួចរថយន្ត LEXUS RX​330 មួយកើតឡើងនៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចយានដ្ឋាន ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ បង្កដោយជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ហៅ រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេតកោះកុង មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកកូនសោរ ហើយបញ្ឆេះរថយន្ត​០១គ្រឿង ម៉ាកលុចស៊ីស (LEXUS RX-330) ពណ៌ស ផលិតឆ្នាំ២០០៤ ដែលទុកនៅក្នុងយានដ្ឋានកន្លែងកើតហេតុខាងលើ​ចេញទៅបាត់ ។

ក្រោយកើតហេតុភ្លាមម្ចាស់យានដ្ឋានបានមកដាក់ពា្យបណ្តឹង នៅកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីបានទទួលពាក្យបណ្តឹង និងការបំភ្លឺនូវរឿង​ហេតុ ខា​ងលើ កម្លាំងមន្ទីរជំនាញខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ស្រាវជ្រាវតាមចាប់ជនសង្ស័យ ។

ក្រោមបញ្ជា និងការដឹកនាំយ៉ាងយកចិត្តទុកដាក់បំផុតពីលោកឧត្តមសេនីយ៍ត្រី សំ តុលា​ មេបញ្ជាការអាវុធហត្ថ​ខេត្តកណ្តាល និងដោយមានការចុះដឹកនាំផ្ទាល់ ដោយលោកមេបញ្ជាការរង ទូច អ៊ីណាន ទទួលការងារយុត្តិធម៌ និងដោយលោកវរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំង​ចុះអង្កេតស្រាវជ្រាវ​ទាំងយប់ទាំងថ្ងៃ រហូតឈានដល់ការកំណត់អត្ដសញ្ញា​ណមុខសញ្ញាជនសង្ស័យ​បាន ព្រមទាំងដឹងថា ជនសង្ស័យបានយករថយន្តខាងលើ លក់ឲ្យអ្នកដទៃនៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនទៅខេត្តព្រះវិហារ ។ កម្លាំង​ចុះអង្កេតស្រាវជ្រាវ​ទាំងយប់ទាំងថ្ងៃ រហូតឈានដល់ការកំណត់អត្ដសញ្ញា​ណមុខសញ្ញាជនសង្ស័យ​បាន ព្រមទាំងដឹងថា ជនសង្ស័យបានយករថយន្តខាងលើ លក់ឲ្យអ្នកដទៃនៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនទៅខេត្តព្រះវិហារ ។

ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ទើបនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញ​បានស្វែងរកឃើញ និងចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ហៅ រ៉ា នៅចំណុចក្នុងភោជនីយ៍ដ្ឋាន​ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង​ព្រះវិហារ យកមកសាកសួរនៅអាវុធហត្ថ​ខេត្តកណ្តាលតែម្តង ។

លុះនៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាត់ខ្លួនឈ្មោះ ឡេវ សុខសាញ់ ហៅ​ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកទទួលផលចោរកម្ម ក្នុងអំពើលួច រថយន្ត០១គ្រឿង ម៉ាក​LEXUS RX​330 ពណ៌ស ផលិតឆ្នាំ២០០៤ កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងយានដ្ឋានមួយ នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

នៅចំពោះមុខសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានទិញរថយន្តខាងលើពីឈ្មោះ ហេង សុភ័ក្រ្ត ហៅ រ៉ា ពិតប្រាកដមែន ហើយរថយន្តនេះ រូបគេបានលក់បន្តឲ្យទៅអ្នកផ្សេង ដែលធ្លាប់ស្គាល់គ្នាតាមរយ:ទិញ-លក់ដី ។ រហូតដល់វេលាម៉ោង០៤និង០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកាដដែល កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យមួយទៀត (អ្នកទិញបន្តពីឈ្មោះ ឡេវ សុខសាញ់ ហៅ ពិសិដ្ឋ) នៅចំណុចក្នុងវត្តជន្លុងម្លូ ស្ថិតក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដកហូតរថយន្ត ​LEXUS RX​330 ពណ៌ស ផលិតឆ្នាំ២០០៤ (បាត់ផ្លាកលេខ) ដែលជារបស់ជនរងគ្រោះមកវិញ ។

ជនសង្ស័យក្នុងអំពើទទួលផលចោរកម្មទាំងខាងលើ ត្រូវបានជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕ ឆ ដា


ចែករំលែក៖