ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍ ឌីជេ ហេរ៉ូ (DJ Hero) សង្ស័យត្រូវ​ចោរលួចកាបូបលុយអស់ជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះឈ្មោះ មុំ សាម៉េត ហៅ ឌីជេ ហេរ៉ូ (DJ Hero) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍ បច្ចប្បន្នស្នាក់នៅផ្ទះលេខ១២Eo តាមផ្លូវជាតិលេខ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានអោយដឹងថា នៅមុនកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចូលរួមកម្មពិធីអ្នករាប់អានគ្នា រួចពេលត្រលប់មកវិញ បើករថយន្តមកតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីទិសដៅពីជើងមកត្បូង ស្រាប់តែងងឹតមុខមិនស្រួលខ្លួន រួចក៏បើកមកអែបនៅលើចិញ្ចើមផ្លូវ ហើយក៏សម្ងំដេកអោយធូរបន្តិច ។ ដឹងអីដេកលង់លក់ មិនដឹងពីពេលណាទេ រហូតភ្ញាក់ដឹងខ្លួនម៉ោង៦ព្រឹក ទើបភ្ញាក់ដឹងខ្លួន ស្រាប់តែបាត់ទ្រព្យសម្បត្តិនៅក្នុងកាបូប មានដូចជា លុយ១ម៉ឺនដុល្លាជាង និងទូរស័ព្ទ ២គ្រឿង ហើយរហូតមកដល់រសៀលថ្ងៃដដែលនេះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីអោយជួយស្រាវជ្រាវ ។

នេះជារឿងមួយដ៏គួរឲ្យសោកស្ដាយ សម្រាប់ពិធីករប្រុសសម្ដីចាក់ទឹកមិនលេច ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ហេរ៉ូ ខណៈដែលលោកត្រូវបានចោរបើកទ្វាររថយន្ត និងបានលួចយកទ្រព្យសម្បត្តិលោកអស់ពីក្នុងរថយន្ត ។

តាមរយៈវីដេអូរបស់ពិធីករប្រុស លោក ហេរ៉ូ បានធ្វើការរៀបរាប់ឱ្យដឹងថា ករណីបាត់នេះ ដោយសារចោរបានបើកទ្ធាររថយន្ត និងបានលួចយកទ្រព្យសម្បត្តិលោកអស់ពីក្នុងរថយន្ត ខណៈលោកបានចតរថយន្ត និងបានសម្រាកនៅក្នុងរថយន្ត នៅចំណុចមុខវិទ្យាល័យបឹងត្របែកមួយស្របក់ កាលពីព្រឹកទៀបភ្លឺម៉ោង ៤ ចូលថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅនេះ ។ សម្រាប់ទ្រព្យសម្បត្តិដែលបានបាត់បង់ទៅនោះ ត្រូវបានពិធីកររូបនេះរៀបរាប់ឱ្យដឹងបន្ថែមថា មានចំនួនច្រើនរួមមាន កាបូបដែលមានដាក់ឯកសារផ្លូវការជាច្រើន ទូរស័ព្ទ ២គ្រឿង នាឡិកាដៃ និងលុយសុទ្ធជាង ១ម៉ឺនដុល្លារ ។

ជាមួយគ្នានេះ លោកក៏បានសុំអំពាវនាវដល់មហាជន បើឃើញឯកសារដូចដែលបានរៀបរាប់ក្នុងវីដេអូខាងក្រោម បើត្រូវបានគេផ្លុងចោល សូមទាក់ទងមកកាន់លោក ព្រោះឯកសារទាំងនោះពិតជាសំខាន់សម្រាប់លោក ។

យ៉ាងណាមិញ បន្ទាប់ពីមានករណីត្រូវបានចោរលួចអស់ទ្រព្យសម្បតិ្តយ៉ាងច្រើនហើយនោះ លោក ហេរ៉ូ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទន្លេបាសាក់ និងបន្តដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃបន្ថែមទៀត ដើម្បីធ្វើការស៊ើបនៅក្នុងករណីនេះ ៕


ចែករំលែក៖