ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តម្នាក់ ត្រូវរថយន្តកុងតឺន័រកៀរឲ្យដួល និងកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជាសិស្សសាកលវិទ្យាល័យ បញ្ញាសាស្រ្តឆ្នាំទី១ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បង់ជីវិត ដោយសាររថយន្តកុងតឺន័រកៀរឲ្យដួល ហើយបុកអូសចម្ងាយជាង១០ម៉ែត្រ និងកិនដើមទ្រូងព្រមទាំងក្បាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅម៉ោង៩ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខរោងចក្រ W & D តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ (សព) មានឈ្មោះ ម៉េង ឈុនលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាកលវិទ្យាល័យ បញ្ញាសាស្រ្ត ឆ្នាំទី១ និងធ្វើការក្រៅម៉ោងនៅកន្លែងរៀននោះផងដែរ ស្នាក់នៅជាមួយពូក្នុងបុរីពិភពថ្មី (ចំការដូង) មានស្រុកកំណើត នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បើតាមសំដីពូរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារគ្រួសារក្មួយរបស់គាត់មានជីវភាពក្រីក្រ គាត់ ក៏យកមកឲ្យរស់នៅជាមួយគាត់ ដើម្បីឲ្យរៀនបន្ត នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយក្មួយរបស់គាត់បានឆ្លៀតពេលធ្វើការក្រៅម៉ោង នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ ។ ពេលដែលចប់ម៉ោង ក្មួយរបស់គាត់ជិះម៉ូតូមកផ្ទះរបស់គាត់ ដែលរស់នៅក្នុងបុរីពិភពថ្មីចំការដូង ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បែបនេះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA.9822 បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចមកកើតក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន រថយន្តកុងតឺន័រមួយគ្រឿង ក្បាល ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 3E.3667 បើកមកពីខាងក្រោយ កៀរឲ្យដួលហើយអូសគាត់ចម្ងាយប្រហែលជាង ១០ម៉ែត្រកិនចំដើមទ្រូង និងក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីរថយន្តបង្កហេតុរួច ក៏បន្តបើករត់រហូតទៅដល់ផ្លូវ ៥០ម៉ែត្រ កែង នឹងផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌដង្កោ ដោយមានសមត្ថកិច្ចដេញតាម អ្នកបើកបររថយន្តបង្ក ក៏ទុករថយន្តចោល រត់គេចខ្លួនស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ក្រុង មកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពសមត្ថកិច្ចធ្វើឯកសារប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖