ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូទាក់ដៃចង្កូតគ្នាបង្កជាទំនាស់ធ្វើឲ្យបុរសម្នាក់វាយទៅលើបុរសម្នាក់ទៀតរងរបួសយ៉ាងទម្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់យកស្នាប់ដៃទៅវាយបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួសយ៉ាងទម្ងន់ រួចបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបុរសទាំង២នាក់ខាងលើបើកម៉ូតូទាក់ដៃចង្កូតគ្នា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចខាងជើងស្ពានព្រែកទីវ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពូក លីម ភេទ ប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ងីម សែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល (គេចខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីភូមិជ្រៃធំមកផ្ទះរបស់ខ្លួន លុះមកដល់ចំណុចស្ពានព្រែកវត្តក្នុងភូមិកោះទៀវ(ខ) ក៏បានប៉ះដៃម៉ូតូគ្នា បានបង្កជាទំនាស់ទាស់ពាក្យសម្ដី និងបានជេរគ្នាបន្តិចបន្ទួច បន្ទាប់មកជនរងគ្រោះនិងជនសង្ស័យបានជិះម៉ូតូមករៀងៗខ្លួនទៅ ។ លុះមកដល់ចំណុចខាងជើងគល់ស្ពានព្រែកទីវក្នុងភូមិកោះទៀវ(ក) ជនរងគ្រោះក៏ឈប់ម៉ូតូបានបន្តិច ភ្លាមនោះជនសង្ស័យ ក៏បានជិះម៉ូតូឌុបគ្នាមនុស្សស្រីម្នាក់មកដល់ឈប់ក្បែរជនរងគ្រោះ រួចបានយកស្នាប់ដៃរបស់ខ្លួន វាយទៅលើជនរងគ្រោះជាច្រើនដៃ បណ្ដាលឲ្យរងរបួសចំក្ដោងច្រមុះជាទម្ងន់ និងដួលសន្លប់លែងដឹងខ្លួន ខណៈនោះក៏មានបងប្អូនជិតខាងចូលទៅជួយឃាត់ ទើបជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ទៅ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀណាម ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងស្រាវជ្រាវតាមរកចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធីវច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖