ប៉ោយប៉ែត៖ នាង ក្រមុំម្នាក់ចងកសម្លាប់ខ្លួន ទៅនឹងព្រិលបង្អូច បន្ទប់ជួលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតចំណុចមាត់អូរផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សពរងគ្រោះឈ្មោះ ផាន់ ស្រីនិច្ច ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើតនៅ ភូមិតាអ៊ិន ឃុំ បឹងរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួលលេខA-០៩ ម្ចាស់បន្ទប់ផ្ទះជួលឈ្មោះ សេង យ៉តភេទប្រុស អាយុ៤០ឆ្នាំ នៅចំណុចមាត់អូរផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ។
យោងតាមការសាកសួររបស់សមត្ថកិច្ច ម្ដាយសពរងគ្រោះប្រាប់ថា មុនកើតហេតុសពរងគ្រោះ បានទូរស័ព្ទទៅម្ដាយដោយប្រាប់ថា ខ្លួនមានស្នេហាជាមួយបុរសម្នាក់ គ្រានោះម្ដាយឆ្លើយតបថា បើកូនស្រឡាញ់គ្នាធម្មតា ឬបានដេកនៅជាមួយគ្នាហើយ បើស្រឡាញ់គ្នាធម្មតា ម៉ែទៅ ម៉ែនឹងរៀបចំការឲ្យ ចំណែកកូនរងគ្រោះឆ្លើយកុហក់ម្ដាយថា ស្រឡាញ់គ្នាធម្មតា ម្ដាយតបថា បើដូចពាក្យកូនថាមែន ម៉ែទៅលេងកូន ម៉ែនឹងនាំកូនទៅពេទ្យដើម្បីពិនិត្យមើល(ប្រដាប់ភេទ) ។
ប្រភពបន្តថា ពេលឮម្ដាយនិយាយដូច្នេះ ក្មេងស្រីរងគ្រោះភ័យខ្លាចម្ដាយ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសរសេរលិខិតមួយច្បាប់ថា កូនស្រឡាញ់ម៉ាក និងជាតិក្រោយចង់ធ្វើជាកូនម៉ាក់ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះបានចង.ក នៅព្រិលខាងលើបង្អួចក្នុងបន្ទប់ នៃបន្ទប់ផ្ទះជួលខាងលើ ក្រោយពីបានពិនិត្យ និងធ្វើកោសល្យវិច័យរួចមក កម្លាំងជំនាញ លោកគ្រូពេទ្យ បានសន្និដ្ឋានថា៖ នារីខាងលើបានចង.កធ្វើអត្តឃាតស្លាប់យ៉ាងពិតប្រាកដ ដោយបន្សល់នូវក្រដាស សរសេរបណ្តាំទុកមួយសន្លឹក ។
សាកសពត្រូវបានសាច់ញាតិ ដាក់រថយន្តពេទ្យប៉ោយប៉ែត ដឹកបញ្ជូនទៅតម្កល់ទុកនៅវត្តប្រជាធម្មកើត ស្ថិតនៅ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា