ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡាប់លើទ្រូងផ្លូវមិនដាក់ស្លាកសញ្ញា រថយន្តមួយទៀតមកដល់ ចាប់ហ្វ្រាំងមិនទាន់បុក បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តបុករថយន្តក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ នៅ ភូមិកំពង់វាំង ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមការបញ្ជាក់ពី លោក យ៉ង សំ អធិការ ស្រុកស្ទោងបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ស្លាកលេខ មើលមិនស្គាល់ (ខូចដោយគ្រោះថ្នាក់ចរាចរណ៍) ឯចំណែករ៉ឺម៉ក ស្លាកលេខ កំពង់ចាម 4A.0344 ដឹកទឹកផ្លែឈើ បើកបរទិសដៅពីជើងទៅត្បូងហើយក្រឡាប់លើទ្រូងផ្លូវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ។

សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុមកពីអ្នកបើកបរ ងងុយដេក ១ភាំង ទើបបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ។

ចំណែករថយន្តម្ខាងទៀត រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ (ផ្លូវ៥) ពណ៌ស ស្លាកលេខភ្នំពេញ 3B.7089 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ បឿត ភេទប្រុស រស់នៅខេត្តព្រៃវែង របួសធ្ងន់ ។ មូលហេតុខាងលើនេះ បង្កឡើងដោយរថយន្តសណ្តោង រ៉ឺម៉កក្រឡាប់លើទ្រូងផ្លូវមិនដាក់ស្លាកសញ្ញា និងភ្លើងបំភ្លឺ រួមផ្សំនឹងអ្នកបើកបររថយន្តផ្លូវ៥បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្ទោងរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖