ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើ សុំឲ្យប្រតិភូទី ក្រុងឆុងឈីង ពិនិត្យលទ្ធភាព ជួយសាងសង់ផ្លូវខ្សែក្រវាត់ ក្រុង ១ខ្សែ នៅរាជធានីភ្នំពេញ ខណៈកំណើន ប្រជាពលរដ្ឋពី១ឆ្នាំទៅ១ឆ្នាំចេះតែកើនឡើងឥតឈប់ឈរ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច នៅកម្ពុជាកាន់តែខ្ពស់ ការស្នើសុំបែបនេះ នៅក្នុងជំនួបពិភាគ្សាការងារ ជាមួយប្រតិភូ ក្រុងឆុងឈីងប្រទេសចិន ដឹកនាំដោយលោកចូវ គីឈីង (Zhou Keqin) អនុប្រធានគណៈ កម្មាធិការ ប្រឹក្សានយោបាយបក្សប្រជាជនចិន ទីក្រុងឆុងឈីង កាលពីរសៀលថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ ។ ជំនួបនេះ ដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ នឹងទី ក្រុងឆុងឈីងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ រាជធានីភ្នំពេញមាន អំណោយផល លើកវិស័យពាណិជ្ជកម្មគ្រប់យ៉ាង ជាពិសេស ការវិនិយោគលើវិស័យឧស្សាហកម្ម ,ពាណិជ្ជកម្ម ,ទេសចរណ៏វប្បធម៏,ផ្នែកសំណង់, អប់រំ,កសិកម្មជាដើម ហើយរាជធានីភ្នំពេញ ត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគពីទី ក្រុងឆុងឈីង ។
លោកបន្ដថា៖ ដំណើរទស្សនកិច្ចរបស់លោកចូវ គីឈីង និងប្រតិភូដែលបានមកទស្សនកិច្ចនៅរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកាន់តែល្អ ប្រសើរក្នុងនាមរាជធានីភ្នំពេញ និងទី ក្រុងឆុងឈីងជាទី ក្រុងសម្ពន្ធ័ភាព នឹងគ្នាដែលបានចុះអនុស្សរណៈ ជាមួយគ្នាតាំងពីឆ្នាំ២០០៤មក និងស្របពេលនៃឆ្នាំខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា-ចិនផងដែរ ។
ក្នុងឱកាសនេះដែរលោក ឃួង ស្រេង ក៏បានស្នើសុំទៅភាគីទី ក្រុងឆុងឈីង ដែលមានប្រជាជនរស់នៅជាង៣៣ លាននាក់ របស់ប្រទេសចិន ឲ្យពិនិត្យលទ្ធភាពក្នុងការជួយ សាង សង់ផ្លូវក្រវាត់ ក្រុង១ខ្សែ របស់រាជធានីភ្នំពេញជាប្រភេទជំនួយ ឬប្រភេទB.O.Tក៏បាន ឆ្លងកាត់បង់ប្រាក់ ។
លោក ចូវ គីឈីង (Zhou Keqin) ក៏បានបង្ហាញពីភាពរីកចម្រើនរបស់ទី ក្រុងឆុងឈីង នាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាកន្ទុយនាគ ឯទី ក្រុងសៀងហៃ ជាក្បាលនាគ ដោយកំណត់យកទន្លេយ៉ាងសេធ្វើជាគោល ។ ឆុងឈីង ជាទី ក្រុងឧស្សាហកម្មដ៏ សំខាន់មួយរបស់ចិន ដែលអាចផលិតរថយន្តបានប្រមាណ៣០លានគ្រឿង ផលិត កុំព្យូទ័របានប្រមាណ៦០លានគ្រឿងក្នុង១ឆ្នាំៗ និងជាទី ក្រុងដែលស្ថិតនៅចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអាស៊ីផងដែរ ។
លោកចូវ គីឈីង ក៏បាន អញ្ជើញលោកឃួង ស្រេង ទៅធ្វើទស្សនកិច្ច នៅទី ក្រុងឆុងឈីង ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ពីការអភិវឌ្ឍទី ក្រុងកាន់តែឆាប់កាន់តែល្អ ។ លោកឃួងស្រេង បានសម្រេចទទួលយកសំណើនេះ ហើយថានឹងរៀបចំជាប្រតិភូទៅទស្សនកិច្ចអាចក្នុងខែ មករា ឆ្នាំ២០១៩ខាងមុខនេះ៕ សំរិត