ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងបរិវេណសណ្ឋាគារ “បាយ័ន អេរ៉ា” មហាជនមានការសង្ស័យ ជាអំពើឃាតកម្ម

ចែករំលែក៖

ខេត្តសៀមរាប៖ តាមប្រភពមួយបានរិះគន់ និងដាក់ការសង្ស័យក្នុងករណីបុរសម្នាក់ បានដេកស្លាប់នៅក្នុងសណ្ឋាគារ “បាយ័ន អេរ៉ា” ស្ថិតនៅក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបុរសម្នាក់ ជាជនសង្ស័យត្រូវបានខ្សែភ្លើងឆក់ស្លាប់ ខណៈជននេះ បានចូលទៅលួចកាត់ខ្សែភ្លើង ក្នុងសណ្ឋាគារ “បាយ័ន អេរ៉ា” ដែលជាការដ្ឋានកំពុងសាងសង់កន្លែង ស្ទីម សូណា (មានចរន្តភ្លើង) ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់មាន ឈ្មោះ ប៊ី ប៊ុន ភេទប្រុស អាយុ២៥ឆ្នាំ បុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងរុន ឃុំ អំពិល ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប ។ សមត្ថកិច្ចជំនាញបន្តថា ការពិនិត្យសាកសពគេឃើញស្នាមឆេះខ្លោចថ្លើមដៃកូន និងបាតដៃធ្ងន់ធ្ងរដោយមានដៃកំពុងកាន់កន្រ្តៃផងដែរ ។

ប្រភពដដែលបានបន្ថែមទៀតថា បុរសដែលស្លាប់នេះ ស្លៀកពាក់ខោអាវដូចជាសន្តិសុខសណ្ឋាគារ ម្យ៉ាងក្នុងសណ្ឋាគារ គឺមានសន្តិសុខយាមតឹងតែងណាស់ ហេតុអីមានចោរចូលលួចកាត់ខ្សែភ្លើងក្នុងបន្ទប់សណ្ឋាគារបាន? បើចោរមែន ហេតុអី បានជាយកកន្ត្រៃដែកមកកាត់ខ្សែភ្លើងដែលមានចរន្ត ។

ករណីនេះ មហាជន មានការសង្ស័យថា ជាអំពើឃាតកម្មក្នុងសណ្ឋាគារ ព្រោះមានសន្តិសុខយាមតឹងតែងណាស់ ហេតុអ្វីមានចោរចូលទៅលួចកាត់ខ្យែភ្លើងក្នុងសណ្ឋាគារ “បាយ័ន អេរ៉ា”បាន ៕ ប៊ុនរិទ្ធី


ចែករំលែក៖