ប្រទេសនេប៉ាល់៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ឌូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណចំនួន២កន្លែង ក្នុងទីក្រុងកដ្ឋមន្ឌូ ក្នុងនោះរួមមាន ប្រាសាទបុរាណ ក្នុងវិសានដ្ឋានប៉ាតាន់ឌួបា និងហ៊ីរ៉ាន់យ៉ា ម៉ាហាវិហារ ប្រាសាទមាស ព្រះវិហាព្រះពុទ្ធសាសនាមាយាន របស់ប្រទេសនេប៉ាល់។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំអភិរក្ស នៃតំបន់ប្រវត្តិសាស្រ្តទាំងពីរ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរូប។
ទីតាំងប្រវត្តិសាស្រ្តទាំងពីរនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ចាស់បុរាណបំផុត របស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយ រាជវង្ស និងបុព្វបុរសនេប៉ាល់។ តំបន់ប្រវត្តិសាស្រ្តនេះ មានលំនាំជាប្រាសាទ ស្រះបុរាណដែលកសាងឡើងក្នុងឆ្នាំ១៦៤៨ និងសំណង់ស្ថាបន្យកម្មជាច្រើនទៀត ក្នុងមហាប្រាសាទដ៏ស្កឹមស្កៃនេះ។
សំណង់បេតិកភណ្ឌទាំងអស់នេះ បានទទួលរងគ្រោះដោយគ្រោះធម្មជាតិរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើតំបន់នេះទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនេប៉ាល់ បានខិតខំស្តារ និងកសាងឡើងវិញ ដោយរក្សានូវទម្រង់ដើម នៃប្រាសាទបុរាណនេះ។
នៅក្នុងឱកាសនៃការអញ្ជើញទស្សនាដោយផ្ទាល់នោះ សម្តេចតេជោ ហ៊ុន សែន បានតាមស្តាប់យ៉ាងយកចិត្តទុកដាក់ លើការពន្យល់ណែនាំ ពីអ្នកអភិរក្សប្រាសាទ ពិសេសតាមដានស្តាប់ពីការរៀបរាប់ដែលទាក់ទិនទៅនឹងការស្តារ និងកសាងឡើងវិញនៃប្រាសាទបុរាណនេះ ក្រោយគ្រោះធម្មជាតិ រលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥កន្លងទៅ។ នៅក្នុងគ្រោះធម្មជាតិរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិរលក យក្សស៊ូណាមីផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដែលបានខិតខំប្រឹងប្រែង ស្តារនូវសំណង់ប្រវត្តិសាស្រ្តឡើងវិញយ៉ាងឆាប់រហ័ស ក្រោយគ្រោះធម្មជាតិរលកយក្សស៊ូណាមី។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះហត្ថលេខាលើកសៀវភៅក្រាំងមាស សម្រាប់ថ្នាក់ដឹកនាំពិភពលោកនានា ដែលបានអញ្ជើញទស្សនា តំបន់បេតិកភណ្ឌទាំងពីរនេះ របស់ប្រទេសនេប៉ាល់។ បន្ថែមពីនេះ ថ្នាក់ដឹកនាំអភិរក្សនៃតំបន់ទាំងពីរ បានជូននូវព្រះពុទ្ធរូប មួយព្រះអង្គ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីជាកិច្ចតបស្នងសងគុណ និងការគោរពស្រឡាញ់ដោយស្មោះ ជូនចំពោះសម្តេចដែលមានស្វាមីភក្តិគោរពស្រឡាញ់ ចំពោះប្រទេស និងប្រជាជននេប៉ាល់ ពិសេសក្នុងគ្រាដែលប្រទេស និងប្រជាជននេប៉ាល់ ទទួលរងគ្រោះដោយគ្រោះធម្មជាតិរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥កន្លងទៅ។
សូមបញ្ជាក់ថា នេប៉ាល់មានផ្ទៃក្រឡាទំហំ១៤៧,១៨១គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ និងប្រទេសឥណ្ឌា និងប្រទេសចិន និងមានប្រជាជនរស់នៅ សរុបជាង២៩លាននាក់ ក្នុងនោះប្រជាជនកាន់សាសនាហិណ្ឌូ មានជាង៨១ភាគរយ ព្រះពុទ្ធ៩ភាគរយ ម៉ូស្លីមជាង៤ភាគរយ និងសាសនាដទៃមានជាង៥ភាគរយ៕