ព័ត៌មានទាន់ហេតុការណ៍៖

អដ្ឋិធាតុលោកតាវិជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) នឹងដាក់តម្កល់ក្នុងចេតិយ ខាងមុខមន្ទីរពេទ្យកុមារ គន្ធបុប្ផាសៀមរាប សម្រាប់មហាជនគោរពបូជា

ចែករំលែក៖

ភ្នំពេញ៖ អដ្ឋិធាតុអតីតប្រធានមន្ទីរពេទ្យគន្ធបុប្ផា គឺលោកវិជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) នឹងដាក់តម្កល់ក្នុងចេតិយទើបសាងសង់ហើយថ្មីៗ នៅខាងមុខមន្ទីរពេទ្យកុមារ គន្ធបុប្ផា ខេត្តសៀមរាប សម្រាប់គោរពបូជាក្នុងចំណោមមហាជន នៅដើមសប្តាហ៍ក្រោយនេះ។

លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ កើតនៅឆ្នាំ១៩៤៧ នៅប្រទេសស្វីស បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២ និង៤៥នាទី នៅក្នុងប្រទេសស្វីស។

លោក ដេនីស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ប្រាប់ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា​​​ ឆ្នាំ២០១៨នេះថា អដ្ឋិធាតុលោកវិជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នឹងនាំពីប្រទេសស្វីសមកដល់ទឹកដីខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ដើម្បីចំតម្កល់ទុក និងនិមន្តព្រះសង្ឃជិត៧០០អង្គ ដើម្បីសម្តែងព្រះបរិត្ត បង្សុកូលតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

លោកបានបន្ថែមថា លុះនៅព្រឹកថ្ងៃបន្ទាប់ ​​​ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងយាងប្រទានភួងផ្កា និងគ្រឿងសក្ការៈបូជា នៅទីចេតិយ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធលោកវិជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលអដ្ឋិធាតុរបស់លោកត្រូវបានដាក់តម្កល់ក្នុងចេតិយស្ថិតនៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប​​​ ក្បែរសាលដែលលោកតែងតែប្រគំតន្ត្រីរៃអង្គាសប្រាក់សម្រាប់សង្គ្រោះកុមារកម្ពុជា។

លោក ដេនីស ឡូរ៉ង់ បានមានប្រសាសន៍បញ្ជាក់ថា ការចំណាយទៅលើការសាងសង់ចេតិយនេះ គឺបានមកពីកញ្ចប់ថវិកាសល់ពីពិធីបុណ្យសពរបស់លោក ប៉ុន្តែលោកបានបដិសេធមិនបញ្ចេញនូវទំហំចំណាយនេះឡើយ ដោយលោកចាត់ទុកថា ជាការចំណាយទាបជាពិសេសសម្រាប់អតីតបិតាអ្នកជួយសង្គ្រាះកុមារកម្ពុជា។

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មហាជនក្នុងខេត្តសៀមរាប បាននាំគោរពវិញ្ញាក្ខន្ធ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ជាអ្នកមានគុណនៅមន្ទីរពេទ្យគន្ទបុប្ផា ​ដោយក្ដីរំជួលចិត្តពន់ពេកណាស់ដើម្បីចូលរួមរំលែកទុក្ខ ចំពោះមរណភាព និងសម្តែងការសោកស្តាយ ចំពោះមរណភាពរបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

ការទទួលមរណភាពរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ គឺជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំ​ខាន់មួយរូប ដែលបានលះបង់កម្លាំងកាយចិត្តស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងផ្តល់សេវាព្យា​បាលដោយពុំគិតថ្លៃសម្រាប់កុមារ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្នកម្ពុជាទាំងអស់ បានទទួលនូវភាពសោយស្ដាយជាពន់ពេកចំពោះគ្រូពេទ្យ​ទេវតា ដែលបានទទួលមរណភាព បន្សល់នូវភាពសោកសៅដល់ប្រជាពលរដ្នកម្ពុជា ដែលលោកបានជួយជីវិតកុមារកម្ពុជារាប់លាននាក់ គុណធម៌ដ៏ធំធេងទាំងនេះ ធ្វើឲ្យពលរដ្នកម្ពុជាមិនអាចបំភ្លេចបានឡើយ។

សូមរំឭកថា លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានឈឺអស់រយៈពេលជាច្រើនឆ្នាំ ហើយមរណភាពរបស់លោកនេះ បានធ្វើឲ្យប្រជាជនកម្ពុជាទាំងមូលមានការសោកស្តាយយ៉ាងខ្លាំង ខណៈលោកវេជ្ជបណ្ឌិត បានជួយដល់ប្រទេសកម្ពុជាផ្នែកសុខាភិបាលនេះយ៉ាងធំធេងបំផុតគ្មានអ្វីកាត់ថ្លៃបាន ចាប់តាំងពីឆ្នាំ១៩៩៣ ដោយបានព្យាបាលកុមារកម្ពុជារាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។

យោងតាមគេហទំព័រ វិគីភីឌា ជាភាសាខ្មែរ បានដកស្រង់ប្រវត្តិរបស់លោកថា លោកវេជ្ជបណ្ឌិត បេអាត​ រិចឈ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧ ជាជនជាតិស្វីស។ លោកជាពេទ្យកុមារ អ្នកលេងសូរឡូ និងជាអ្នកបង្កើតមន្ទីរពេទ្យកុមារ នៅព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត បេអាត​ រិចឈ្នឺរ ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅក្រុងស៊ូរិច ប្រទេសស្វីស ដែលបន្ទាប់មក​លោក បេអាត រិចឈ្នឺរ​ បាន​ធ្វើការ​ឲ្យ​កាកបាទក្រហមស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ ដែល​លោក​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យគន្ធបុប្ផា ទីក្រុង​ភ្នំពេញ ចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រសិទ្ធភាព​នាម​ដើម្បី​ជា​ការ​ចង​ចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់​ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែល​ជា​ព្រះរាជបុត្រី​នៃ​ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​សោយវិលាល័យ​ក្នុង​ព្រះជន្ម​ក្មេងវស្សា​។

នៅ​ពេល​​ខ្មែរ​ក្រហម ប្រល័យពូជសាសន៍ បាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ ដែល​ជា​ទី​លោក​បាន​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងស៊ូរិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និងចំណាប់អារម្មណ៍ខាងតន្ត្រី និងការកម្សាន្ត លោកបានអភិវឌ្ឍចរិកលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោកក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ “Beatocello” ។

នៅខែធ្នូ ឆ្នាំ១៩៩១ លោក បេអាត រិចឈ្នឺរ បានវិលត្រឡប់មកកាន់កម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញ ដែលបានកើតឡើង ដោយសារសង្គ្រាមស៊ីវិល ហើយក្រោយរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរលោកឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ។ លោកបានត្រឡប់មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយមន្ទីរគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញ នៅខែវិច្ឆិកា ឆ្នាំ១៩៩២។

មន្ទីរពេទ្យ​គន្ធបុប្ផា មានសាខា​ចំនួនប្រាំ ដែលបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត បេអាត​ រិចឈ្នឺរ ដែលសាខា​គន្ធបុប្ផាទីមួយ និង ទីពីរ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដែលស្ថិតនៅខេត្តសៀមរាប។ រីឯមន្ទីរពេទ្យគន្ធបុប្ផាទី៤ បានបើកដំណើរការ នៅខែធ្នូ ក្នុងឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួមបញ្ចូលគ្នាជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផាទីមួយ នៅក្នុងខែធ្នូ ឆ្នាំ២០០៧។

មន្ទីរពេទ្យគន្ធបុប្ផាទីពីរ​ ត្រូវ​បាន​ដាក់​សម្ផោធ​ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​១៩៩៦។ មន្ទីរពេទ្យនេះត្រូវ​បាន​សាងសង់​ឡើង​ដោយសារ​តម្រូវ​ការ​ចាំ​បាច់ ​ដែល​បង្ក​ដោយ​ចំនួន​មនុស្ស​ដ៏​កកកុញ ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី១ ដោយទីតាំង​មន្ទីរពេទ្យ​នេះត្រូវ​បាន​សម្តេច​ព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)​ ទ្រង់​ប្រោសព្រះរាជប្រទាន។ ចំណែកមន្ទីរពេទ្យ​ព្រះជ័យវរ្ម័នទី៧​ ត្រូវ​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ​លើ​ទីតាំង ​ដែល​ជា​អំណោយរបស់សម្តេចអគ្គមហាសេនាបតតេជ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ប៊ុនរិទ្ធី

 


ចែករំលែក៖