ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងចតរថយន្ត ក្លាយជាហិង្សាវាយតបគ្នា ផ្អើលសមត្ថកិច្ចចុះទៅឃាត់ខ្លួនមនុស្ស៣នាក់និងដកហូតកាំភ្លើងខ្លីមួយដើម

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការមិនចេះយោគយល់គ្នា បានធ្វើឲ្យកើតមានហិង្សាវាយតបគ្នាទៅមកបណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើករថយន្តដឹកភ្ញៀវរងរបួសបែកមុខ បែកក្បាល ខណះដែលបុរសម្នាក់ជាមន្រ្តីយោធានិងបក្ខពួកជាអ្នករត់រ៊ឺម៉កម៉ូតូ នាំគ្នាព្រួតវាយ ព្រោះតែរថយន្តចតរថយន្ត ហើយត្រូវសមត្ថកិច្ចចុះទៅនាំខ្លួនទាំង៣នាក់យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវបេតុងចូលវិមានសព ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ ដែលជាប់ពាក់ព័ន្ធករណីហិង្សានេះ ទី១.ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកបើករថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 (ឃាត់ខ្លួន) និងដកហូតកាំភ្លើងខ្លីម៉ាក រ៉ូឡូ មួយដើម, ទី២.ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់រ៊ឺម៉កម៉ូតូ ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) និងទី៣.ឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2U-3390 រងរបួសពេញផ្ទៃមុខ និងបែកក្បាល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យព្យាបាលសិន ។

មន្រ្តីដដែលបន្តថា ដោយយោងតាមការសាកសួរពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានបើករថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2U-3390 មានដឹកជនជាតិចិនមួយគឲក្រុម មានស្រីមានប្រុសជាង១០នាក់ ចូលហាងក្បែរកន្លែងកើតហេតុ ហើយពេលដាក់ភ្ញៀវចុះអស់ គាត់ក៏បានបើករថយន្តទៅចតនៅម្ខាងផ្លូវទៀត ។ ស្រាប់តែពេលនោះ មានបុរសម្នាក់ដែលជាមន្រ្តីយោធា បានបើករថយន្ត Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 មកដែរ ហើយប្រាប់ទៅអ្នកបើករថយន្តសាំយ៉ុង ឲ្យថយក្រោយបន្តិច ព្រោះកន្លែងដែលចតនេះ ជាចំណតគាត់យូរឆ្នាំហើយ ។ ស្រាប់តែឃើញបុរសទាំង២ ប៉ះសម្ដីគ្នារហូតឈានប្រើហិង្សា ហើយអ្នករត់កង់បីម្នាក់ ដែលស្គាល់បុរសបើករថយន្ត Highlander ឃើញវាយគ្នាចឹង បានចូលទៅព្រួតជួយវាយថែម បណ្តាលឲ្យអ្នកបើករថយន្តសាំយ៉ុង របួសប៉ោងមុខ និងបែកក្បាលយ៉ាងដំណំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលព័ត៌មានពីករណីហិង្សាខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍កាកាបទី២ បានចុះទៅអន្តរាគមន៍ភ្លាមៗ ហើយដោយឃើញសភាពរបស់អ្នកបើករថយន្តសាំយ៉ុង របួសធ្ងន់ ទើបអនុញ្ញាតឲ្យទៅព្យាបាលរបួសនៅមន្ទីរពេទ្យ សិនចាំដោះស្រាយគ្នាបន្ត ។ ក្នុងហេតុការណ៍នោះដែរ ដោយភាគីខាងមន្ត្រីយោធាមិនសុខចិត្ត ក៏បានដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ ចេញពីក្នុងហោប៉ៅមកគំរាមអ្នកបើករថយន្តសាំយ៉ុង និងសមត្ថកិច្ចមូលដ្ឋាន ដោយបានកេះកៃបាញ់គំរាម២ដង តែបាញ់មិនផ្ទុះ ទើបសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំភ្លើងយកទៅរក្សាទុកតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមន្ត្រីយោធា និងអ្នកបើករ៉ឺម៉កម៉ូតូបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ស តារា


ចែករំលែក៖