ខេត្តមណ្ឌលគិរី ៖ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ លោកបានមានប្រសាសន៍ថា មន្រ្តីរាជការត្រូវខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ជាពិសេសការរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នករាជការ ដើម្បីរួមចំណែកជាមួយការធ្វើទំនើបកម្មស្ថាប័នរដ្ឋរបស់ក្របខណ្ឌក្រសួងបរិស្ថាន។
លោក បានមានប្រសាសន៍ទៀតថា មន្ទីរបរិស្ថានខេត្ត ជាសេនាធិការឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ទៅលើការងារគ្រប់គ្រងវិស័យបរិស្ថាន ដូច្នេះត្រូវរាយការណ៍ជាប្រចាំថ្ងៃ ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំឲ្យបានទៀតទាត់ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន។ លោកបានសង្កត់ធ្ងន់ថា កត្តាសំខាន់របស់អ្នករាជការ គឺសេចក្ដីរាយការណ៍អំពីលទ្ធផលការងារ។ លោកបានក្រើនរម្លឹកដល់មន្រ្តីរាជការទាំងអស់ ឲ្យខិតខំបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះបច្ចេកវិទ្យាទំនើប ដែលសម្បូរណ៍ទៅដោយប្រភពឯកសារដ៏ទំនើប និងទាន់សម័យ។
ក្នុងឱកាសនេះផងដែរ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃមិទ្ទិញរម្លឹកខួបអនុស្សាវរីយ៍ទី៤០ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងស្មារតីដើរដោយថ្មើរជើងចំនួន៤០គីឡូម៉ែត្រ ដើម្បីរម្លឹកអំពីខួបជាប្រវត្តិសាស្រ្ត៤០ឆ្នាំ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់កិច្ចសហការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ស្ថាប័នតុលាការ អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ៕ សុខខេមរា