ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធនាគមាស២០១៩ រវាងកម្ពុជា-ចិន នឹងធ្វើក្រោមបៀបវារៈប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌

ចែករំលែក៖

ខេត្តកំពត៖ សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិននឹងប្រព្រឹត្តទៅក្រោមរបៀបវារៈសមយុទ្ធរួមគ្នា ដើម្បីប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌ខណៈសមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅអំឡុងខែ មីនា ឆ្នាំ២០១៩ខាងមុខនៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅផងដែរ ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីចិន ដែលដឹកនាំដោយលោក SHENG YUNLAI នាយរងសេនាធិការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិននៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋានកងទ័ព លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាករង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ បានលើកឡើងថា សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ពចិននោះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នានោះ ។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «ឆ្នាំនេះកងទ័ព និងសម្ភារៈខាងភាគីចិននឹងមានចំនួនច្រើនជាងឆ្នាំមុនៗហើយនឹងធ្វើក្រោមបៀបវារៈជាច្រើន ដែលក្នុងនោះ សំខាន់ជាងគេគឺសមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌ ហើយតាមរយៈសមយុទ្ធនេះនឹងធ្វើឲ្យកងទ័ព នៃប្រទេសទាំងពីរដូចបងប្អូននឹងគ្នាយ៉ាងដូច្នេះដែរ» ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោក SHENG YUNLAI បានលើកឡើងថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅជាច្រើនថ្ងៃ ហើយនឹងធ្វើឲ្យកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ចិន)កាន់តែជិតស្និទ្ធ និងគ្នាស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដែលបានយកចិត្តទុកដាក់ខ្ពស់នាពេលកន្លងមកនោះ ។

យ៉ាងណាក៏ដោយភាគីទាំងពីរបានមានសេចក្ដីរំពឹងថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន និងកាន់តែយល់ដឹងអំពីបទពិសោធន៍រវាងគ្នា និងគ្នាកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការប្រឆាំងអំពើភេរវកម្ម និងការជួយសង្គ្រោះមនុស្សចេញពីគ្រោះមហន្តរាយផ្សេងៗនោះ ។

សូមបញ្ជាក់ថា សមយុទ្ធ«នាគមាសឆ្នាំ២០១៩»នេះកងទ័ពចិននឹងចូលរួមប្រមាណជាង២៥០នាក់រួម និងសម្ភារៈផ្សេងទៀត ដូចជាយន្តហោះបាញ់គ្រាប់ពិត អីលីកូបទ័រ អាវុធធន់ធ្ងន់ និងស្រាលរាប់សិបដើម និងគ្រឿងរួមទាំងសម្ភារៈសង្គ្រោះជាច្រើនទៀត ៕


ចែករំលែក៖