ខេត្តកណ្ដាល៖ សាកសពស្រ្ដីម្នាក់ត្រូវបានគេប្រទះឃើញចងក.ស្លាប់នៅក្នុងផ្ទះដោយសង្ស័យថា តូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយព្យាបាលមិនជា ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ មូវ ស្រ៊ឹង អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង (ជាមនុស្សមានជំងឺប្រចាំកាយ) ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់សាច់ញាតិស្រ្ដីរងគ្រោះបានឲ្យដឹងថា កន្លងមកស្រ្ដីរងគ្រោះគឺជាមនុស្សមានជំងឺប្រចាំកាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៥ ដោយឃើញសភាពស្ងាត់ ព្រោះកូនក្មួយដែលនៅផ្ទះជាមួយបានចេញទៅបឹងរកត្រីអស់ពីផ្ទះ ដោយនៅតែក្មួយម្នាក់ដែលមានកូនខ្ចី និងស្រ្ដីរងគ្រោះ ។
លុះមកដល់វេលាម៉ោង៥និង៣០នាទី ក្មួយស្រ្ដីរងគ្រោះដែលជាកូនខ្ចីនោះបានដើរចូលក្នុងផ្ទះបាយ ក៏ស្រាប់តែឃើញស្រ្ដីរងគ្រោះស្លាប់ដោយសារចងក.ជាមួយក្រមាទៅនឹងធ្នឹមផ្ទះបាយបាត់ទៅហើយ ភ្លាមនោះក៏ផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញស្រុក ចុះមកធ្វើការពិនិត្យសាកសពស្រ្ដីរងគ្រោះ ដោយបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ប្រាសាទ ក្រុមប្រឹក្សាឃុំ និងមេភូមិ រួចបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ក្រោយពីពិនិត្យចប់ សមត្ថកិច្ចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ