ខេត្តកណ្ដាល៖ នគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនសកម្មម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន២២កញ្ចប់ យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចលើទំនប់ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ឈួន វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ។ បច្ចុប្បន្នស្នាក់ផ្ទះជួលនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២២ កញ្ចប់ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្រ្ដក្រុងតាខ្មៅ ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យខាងលើបានទេ លុះមកដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀនត្រង់ចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាលបានចុះដល់ចំណុចកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យខាងលើ និងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន២២កញ្ចប់ ក្រោយពីពីឆែកឆេររួច ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ