ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទពីបុរសម្នាក់ បានសម្រេចតែត្រូវជនរងគ្រោះជិះដេញតាមបុកជនសង្ស័យដួល ចាប់បានម្នាក់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ បានសម្រេច ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូបណ្ដើរនិយាយទូរស័ព្ទបណ្ដើរ ហើយជនសង្ស័យព្យាយាមជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះជិះដេញតាមពីក្រោយ រួចជិះបំបុកបណ្តាលឲ្យជនសង្ស័យដួល ភ្លាមនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នាំគ្នាក្របួចបានម្នាក់រួចវាយទ្រមខ្លួន និងដកហូតបានម៉ូតូមួយគ្រឿង ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ព្រមទាំងយកទូរស័ព្ទជនរងគ្រោះម៉ាកIphone6 ផងដែរ ។

ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្តុបអូរឬស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមាន ឈ្មោះ ឡៃ សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដែលអង្គុយនៅខាងក្រោយនិងជាអ្នកធ្វើសកម្មភាពឆក់) និងដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GH-6788 ។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះមិនស្គាល់អត្តសញ្ញាណ ។ រីឯជនរងគ្រោះមិនបញ្ជាក់ពីអត្តសញ្ញាណ​ ស្នាក់នៅផ្ទះជួលផ្លូវបេតុង នៅតាមក្រោយខារ៉ាអូខេញូស្តារ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1CM-5529 ។

តាមប្រភពព័ត៍មានពីបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះ បំណងទៅយកប្រពន្ធនៅម្តុំគីរីរម្យ ដើម្បីត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ មកពីក្រោយ រួចធ្វើសកម្មភាពឆក់ទូរសព្ទរបស់គាត់កំពុងតែនិយាយបានសម្រេច ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនតែម្តង ។

បុរសរងគ្រោះបន្តថា ខណៈនោះរូបគាត់ ក៏បានជិះម៉ូតូដេញតាមក្រោយនិងស្រែកចោរៗ លុះជិះដេញមកដល់ចំណុចផ្លូវលេខ២១៧ ម្តុំផ្សារដើមគ ជនសង្ស័យបានវាក់អើនឹងរថយន្តមួយគ្រឿងបើកនៅខាងមុខ ភ្លាមនោះរូបគាត់ជិះទាន់ល្មម ហើយក៏ជិះបំបុកម៉ូតូសង្ស័យទាំង២នាក់ បណ្ដាលឲ្យដួល ហើយប្រជាពលរដ្ឋឃើញហេតុការណ៍បាននាំគ្នា ជួយដេញចាប់បានម្នាក់វាយឡើងទ្រោមខ្លួននិងបានដកម៉ូតូមួយគ្រឿង រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរតែម្តង ។ ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរនាំយកមកសាកសួរ ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍វាលវង់ ដើម្បីមកទទួលយកចាត់ការបន្តតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖