ក្រុមភេរវកម្ម Jabhat Fateh Al sham ដែលស្គាល់ថា ជាក្រុមបដិវត្តន៍ Al Nusra ត្រូវគេដឹងថា មានយន្តហោះ គ្មានមនុស្សបើក រហូតដល់ទៅ១០០គ្រឿង តាមរយៈអ្នកជំនួញជនជាតិទួរគី ។ ក្រុមភេរវកម្មខាងលើ បានប្រើប្រាស់ឧបករណ៍ហោះហើរ គ្មានមនុស្សបើក ដើម្បីវាយប្រហារដោយ អាវុធគីមី ទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី នៅក្នុងខេត្ត Idlib ។
តាមប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បណ្តាយន្តហោះគ្មានមនុស្សបើក ខាងលើបានបញ្ជូនពីទីក្រុង Harem នៅជាប់ព្រំដែនប្រទេសទួរគី ទៅកាន់ទីតាំងក្រុមឧទ្ទាមនៅក្នុងស្រុក Ma’arrat Misrin ចំនួនយន្តហោះគ្មានមនុស្សបើកនោះ បានបញ្ជូនទៅឲ្យក្រុមភេរវកម្ម ជនជាតិ ម៉ារ៉ុក និង លីប៊ី ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមភេរវកម្មខាងលើ ធ្វើសកម្មភាព ក្រោមការត្រួតពិនិត្យ ពីអ្នកឯកទេសជនជាតិចិន ដើម្បីអភិវឌ្ឍន៍ យន្តហោះគ្មានមនុស្សបើក ឲ្យកាន់តែមានប្រសិទ្ធភាព ជួយឲ្យយន្តហោះទាំងនោះស្រាលជាងមុន អាច នាំគ្រាប់រំសេវ បានច្រើន ក្នុងនោះមានសារធាតុគីមី ។
នៅពេលនេះដែរ ក្រុម អ្នកឯកទេសជនជាតិបារាំង ក៏បានទៅកាន់ខេត្ត Idlib ដើម្បីជួយអភិវឌ្ឍន៍មីស៊ីល របស់ក្រុមឧទ្ទាម Takfiri ដែលមានការគាំទ្រ ពីខាងក្រៅ និងដាក់សារធាតុគីមី នៅក្នុងមីស៊ីលទាំងនោះ ៕ ម៉ែវ សាធី