ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាស្តីពីការកំណត់ផែនការដាំដុះដំណាំស្រូវប្រាំងឲ្យបានត្រឹមត្រូវ

ចែករំលែក៖

ដោយសារស្ថានភាពអាកាសធាតុនៅចុងរដូវវស្សាឆ្នាំនេះមិនអំណោយផលល្អ ភ្លៀងធ្លាក់មានការថមថយច្រើន ហើយនាពេលខាងមុខ ភ្លៀងកក់ខែក៏អាចនឹងមានការរអាក់រអួល ( យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ) រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំមួយដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីពិភាក្សាជាមួយនឹងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំ ស្រុក និងសហគមន៍កសិករប្រើប្រាស់ទឹកក្នុងខេត្ត ស្តីពី ការកំណត់ផែនការដាំដុះដំណាំស្រូវប្រាំងឲ្យបានត្រឹមត្រូវ សមស្របទៅនឹងស្ថានភាពដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។

នៅក្នុងកិច្ចប្រជុំពិភាក្សានោះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញអំពីស្ថានភាពទឹកដែលមាននៅតាមប្រព័ន្ធធារាសាស្ត្រ ក៏ដូចប្រភពទឹកនានាក្នុងខេត្ត ។ ឆ្លើយតបទៅនឹងស្ថានភាពនាពេលនេះ លោកប្រធានមន្ទីរបានសំណូមពរឱ្យមានការដាំដុះទៅតាមផែនការ និងផ្ទៃដីដែលបានកំណត់ ចៀសវាងការដាំដុះពាសវាលពាសកាល នៅឆ្ងាយ និងគ្មានប្រភពទឹកសម្រាប់ជួយសង្គ្រោះ ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះទ្វារអាងទឹកកំពីងពួយ គឺបើកចំហរជានិច្ច មិនដែលបិទទេ ដោយមានមន្រ្តីជំនាញយាមប្រចាំការជាប់ជានិច្ច ។ លោកក៏បានស្នើឲ្យស្នើអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅតាមតំបន់ពាក់ព័ន្ធ ចូលរួមទាំងអស់គ្នា ចៀសវាងការលួចបិទទ្វារទឹកតាមដងប្រឡាយ ដាក់សម្រាស់ចាប់ត្រី ឬធ្វើសកម្មភាពផ្សេងៗ ដែលបង្កឲ្យមានការរាំងស្ទះដល់រំហូរទឹកទៅកាន់គោលដៅដែលកំពុងមានតម្រូវការជាចាំបាច់ ។

ឯកឧត្តម ងួន រតនៈ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករ ត្រូវបង្ហាញបញ្ជាក់ពីទីតាំងដាំដុះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ទីរជំនាញធ្វើការចែកចាយទឹកជូន ។ ឯកឧត្តម បន្តថា រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ដោយមានការជួយជ្រោមជ្រែងពីក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តខិតខំប្រឹងប្រែងដើម្បីស្វែងរកប្រភពទឹក សម្រាប់ជួយស្រោចស្រព ឲ្យបានកាន់តែច្រើនបន្ថែមទៀតជូនដល់កសិករ ក្នុងការធ្វើស្រែចំការ ៕ សុខ ខេមរា


ចែករំលែក៖