ព័ត៌មានទាន់ហេតុការណ៍៖

ទំនងស្រវឹងស្រា ជិះម៉ូតូល្បឿនលឿនបុកអ្នកដើរតាមផ្លូវ រងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ ខណៈ ដែលស្រវឹងស្រាជោគជិះម៉ូតូបុកអ្នកដើថ្មើជើងលើផ្លូវស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលច្រង៉ាប់ច្រងឹល បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ ២០១៨ស្ថិតនៅលើផ្លូវជាតិលេខ៣១៤.D ចំណុច ភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង ។​

បើតាមសមត្ថកិច្ចនគរបាល ស្រុក បានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ មានឈ្មោះ អ៊ុន ហេង អាយុ៦៥ឆ្នាំ មុខរបរកសិកររស់នៅ ភូមិត្រពាំងឆ្លូញឃុំញរ ស្រុក កំពង់រោទ៍ ខេត្ត ស្វាយរៀង ។​

ចំណែកអ្នកបើកម៉ូតូមានឈ្មោះ ចាន់ សាវី ហៅ ម៉ៅ អាយុ៣០ ឆ្នាំ មុខរបរកសិករមានទីលំនៅ ភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុក កំពង់រោទ៍ ខេត្ត ស្វាយរៀង ខណៈជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G.១៤៤៩ ។​

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ លើផ្លូវជាតិ លេខ៣១៤D ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ទំនងស្រវឹងស្រា ស្រាប់តែទៅបុក នឹងអ្នកដើរតាមផ្លូវ ស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។​

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងចំណែកបុរសបង្កហេតុ និងវត្ថុតាងត្រូវបានឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖