ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ការងារ​ ចាប់​ផ្តើម​ប្រជុំ​ពិនិត្យ​សំណើ​របស់​សហជីព​ ដែល​មាន​បណ្តឹង​នៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ លោក​គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក​ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសហប្រធានក្រុមការងារពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់សហជីពមួយចំនួនដែលបានដាក់ពាក្យស្នើសុំ កាលរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ​ ។

សូម​បញ្ជាក់​ថា​ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ ក្រសួង​យុត្តិធម៌​ ចេញ​ប្រកាស​រួម​មួយ​ ស្តី​ពី​”ការ​បង្កើត​ក្រុម​ការងារ​ពិនិត្យ​សិក្សា​លើ​សំណើ​ និង​ សំណូមពរ​របស់​អង្គការ​វិជ្ជាជីវៈ​ ។

ប្រកាស​រួម​ដែល​មាន​ហត្ថលេខា​លោក​ អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​លោក​ អង្គ​ វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ កាលពី​៣​ ខែ​ធ្នូ​ កំណត់​ថា​ ក្រុម​ការងារ​នេះ​មាន​តួនាទី​និង​ភារកិច្ច​ ៖

ទទួល​យក​សំណើ​និង​សំណូមពរ​របស់​អង្គការ​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​ ដំណើរការ​នៃ​បណ្តឹង​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ។

ពិនិត្យ​និង​សម្របសម្រួល​ជាមួយ​ម្ចាស់​សំណើ​និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​និង​ដំណោះស្រាយ​ ។

ធ្វើ​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ពិនិត្យ​និង​សម្រេច​លើ​សំណើ​ និង​ សំណូមពរ​ ។

បំពេញ​ការងារ​ផ្សេង​ទៀត​តាម​ការ​ប្រគល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ។

សេចក្ដី​ប្រកាស​រួម​នេះ​ កើតឡើង​បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ ឱ្យ​ក្រសួង​ការងារ​និង​ក្រសួង​យុត្តិធម៌​ រួម​គ្នា​ពិនិត្យ​ បញ្ហា​បណ្តឹង​ពាក់ព័ន្ធ​អង្គការ​វិជ្ជាជីវៈ​ ជា​ពិសេសគឺ​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ដែល​កំពុង​មាន​ករណី​បណ្តឹង​នៅ​តុលាការ​ សំដៅ​ឈាន​ដល់​ការ​ពន្លឿន​និង​បញ្ចប់​សំណុំ​រឿង​ឱ្យ​បាន​ឆាប់​រហ័ស​ស្រប​តាម​បទប្បញ្ញត្តិ​ជា​ធរមាន​៕ចេស្តា

 

 


ចែករំលែក៖