ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តឡិចស៊ីសបុករថយន្តហ៊ីយ៉ាន់ដាយ ពីក្រោយចង់ទារសំណងទៀត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តឡិចស៊ីសមួយទៅបុករថយន្តហ៊ីយ៉ាន់ដាយ ពីក្រោយ ចុះពីលើករថយន្តមកចង់ទារសំណងគេថែមទៀត។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់៧០ ក្បែររង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពី អ្នកបើកបររថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នា៥នាក់បើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ក6721ភព3 បើកបរតាមបណ្តោយផ្លូវលេខ៤១ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ផ្លូវលេ៧០ស្រាប់តែមានរថយន្តឡិចស៊ីសRX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8576 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាបើកមកពីក្រោយបានជ្រុលចង្កូត បុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសខូចខាតផ្នែកខាងមុខ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយមិនមានការខូចខាតនោះទេ បន្ទាប់មកអ្នកបើករថយន្តចុះមកចង់ឲ្យទារសំណងទៅវិញ។

បន្ទាប់ពីកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងចចារគ្នា ដោយភាគីរថយន្តឡិចស៊ីសដឹងថាខ្លួនខុសឈប់ទារសំណង ហើយបានឡើងបើករថយន្តយ៉ាងលឿនចេញពីកន្លែងកើតហេតុបាត់ ហើយភាគីរថយន្តហ៊ីយ៉ាន់ដាយបានឡើងបើករថយន្តបន្តទៅមុខទៀត ៕ ជ្រោយពេជ្រ


ចែករំលែក៖