ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលអង្គុយនៅខាងក្រោយរថយន្តដោយគ្មានពាក់ខ្សែក្រវាត់បានរងរបួសធ្ងន់ ខណៈដែលគាត់រួមដំណើរជាមួយបុរសម្នាក់និងស្រ្តីម្នាក់ទៀត បានបើករថយន្តម៉ាកកូរ៉ូឡាយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់ នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ 2B -6171 បើកបរដោយបុរសម្នាក់ នឹងរួមដំណើរជាមួយស្ត្រី ២នាក់ទៀត ក្នុងហេតុការណ៍នោះបណ្តាលឲ្យស្រ្តីម្នាក់ ដែលអង្គុយនៅខាងក្រោយរថយន្តដោយគ្មានពាក់ខ្សែក្រវាត់របួសធ្ងន់ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ស្លែរ ដែលមានពាក់ស្លាកលេខភ្នំពេញ 2B 6171 នឹងរួមដំណើរជាមួយស្ត្រី ២នាក់ទៀត ដោយក្នុងល្បឿនយ៉ាងលឿន ពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ។ លុះមកដល់ចំណុចទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង ហើយបានដាច់កង់មុខខ្ទាតចេញពីរថយន្ត រីឯរថយន្តទៅមុខលែងរួច ។ ចំណែកទ្រូងផ្លូវខូចខាតអស់ចំនួន២ផ្ទាំង នឹងបណ្តាលឲ្យស្ត្រីម្នាក់ ដែលអង្គុយខាងក្រោយមិនពាក់ខ្សែក្រវាត់នោះរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយឯកជនសម្ភពរស្មីបានដឹកយកទៅសង្គ្រោះបឋមភ្លាមៗផងដែរ ។ បន្ទាប់មកជនរងគ្រោះត្រូវបានបងប្អូននាំជនរងគ្រោះទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បន្តទៀត ។
ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធី ៕ស រស្មី