ខេត្តកំពង់ធំ ៖ ដីប្រជាពលរដ្ឋ និងដីសំណល់របស់រដ្ឋ នៅតំបន់ដងសំរិទ្ធ រាប់រយហិកតា ត្រូវបានគេសង្ស័យថា អាជ្ញាធរមូលដ្ឋាន ឃុបឃិតគ្នា ធ្វើឯកសារក្លែងក្លាយយកលក់ឲ្យឈ្មួញដី ឈ្មោះ ស៊ីវ សារ៉ាពេជ្រ ដែលប្រើគ្រឿងចក្រ កាយប្រឡាយហ៊ុមព័ទ្ធដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅភូមិនីពេជ្រ បាននិយាយថា កន្លងមក អាជ្ញាធរ ធ្លាប់បានឲ្យពួកគាត់ផ្ដិតមេដៃ តែមិនដឹងថា យកទៅធ្វើអ្វីនោះទេ ! ស្រាប់តែមួយរយៈក្រោយមកលឺដំណឹងថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិទាំងអស់ គេនឹងឲ្យលុយក្នុងមួយគ្រួសារ៧០ម៉ឺនរៀល ទោះបីជាអ្នកមានដី ឬ គ្មានដី អាស្រ័យផលនៅតំបន់ដងសំរិទ្ធនោះក៏ដោយ។
ពាក់ព័ន្ធរឿងទាំងអស់នេះហើយ ប្រជាពលរដ្ឋចោទអាជ្ញាធរ ឃុំនីពេជ្រ និងអាជ្ញាធរស្រុកកំពង់ស្វាយថា បានធ្វើឯកសារក្លែងក្លាយយកដី របស់ពួកគាត់ និងដីសំណល់របស់រដ្ឋរាប់រយហិកតាលក់ឲ្យឈ្មួញដីឈ្មោះ ស៊ីវ សារ៉ាពេជ្រ រួចហើយរាយការណ៍ឲ្យថ្នាក់លើថា ដីនៅតំបន់នេះប្រជាពលរដ្ឋជាអ្នកលក់ឲ្យទៅវិញ។
អ្នកសារព័ត៌មានយើងជាច្រើនស្ថាប័ន ចុះទៅផ្ទាល់នូវទីតាំងខាងលើ តាមសេចក្ដីរាយការណ៍ ក៏បានប្រទះឃើញ អេស្កាវ័តទ័រ មួយគ្រឿង កំពុងធ្វើសកម្មភាពកាយប្រឡាយក្រវាត់ព្រំ ដី ដែលជាដីព្រៃពាក់កណ្តាល ស្រោងជាច្រើនគីឡូម៉ែត្រ ស្ថិតនៅតំបន់ដងសំរឹទ្ធ ភូមិ នីពេជ្រ(ក) ឃុំ នីពេជ្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
បើយោងតាមការបញ្ជាក់របស់លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានឆ្លើយប្រាប់សារព័ត៌មានថា ទាក់ទងនឹងរឿងខាងលើនេះ រូបលោក មិនបានដឹងអ្វីទាំងអស់ ហេតុអ្វីបានជាអភិបាលស្រុកកំពង់ស្វាយ ហ៊ានអនុញ្ញាតឲ្យលោក ស៊ីវ សារ៉ាពេជ្រយក គ្រឿងចក្រកាយក្រាវាត់ព្រំដីមិនទាន់មានច្បាប់គ្រប់គ្រាន់ ។លោកនឹងចាត់ក្រុមការងារគ្រប់គ្រង ដីរដ្ឋថ្នាក់ខេត្ត ចុះស្រាវស្រាវរឿងនេះ៕ ប៊ុនរិទ្ធី