ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ ដឹកនាំគណៈប្រតិភូកម្ពុជា១៧រូបទៅចូលរួមកិច្ចប្រជុំបង្កើតសមាគម បញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមជាប្រធានសមាគមបញ្ញវន្តមុស្លិមកម្ពុជា ដែលហៅកាត់ថា (ស.ប.ម.ក) លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃព្រហស្បតិ៏១៤រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ បានដឹកនាំ គណៈប្រតិភូ១៧នាក់ តំណាងឲ្យបញ្ញវន្តមុស្លិមកម្ពុជា រួមមានសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំក្រសួងនានា បានចេញដំណើរទៅចូលរួម កិច្ចប្រជុំបង្កើតសមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ (ICMA) នៅទីក្រុង Lampung កោះស៊ូម៉ាត្រា សាធារណៈរដ្ឋឥណ្ឌូ ណេស៊ី រយៈពេល៣ថ្ងៃ គឺថ្ងៃទី៧ដល់០៩ធ្នូ ២០១៨ ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែធ្នូ ២០១៨ ក្រោមអធិបតីភាព លោក YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងបង្រួបបង្រួមបញ្ញវន្តមុស្លិមទូទាំងបណ្តាប្រទេសសមាជិកអាស៊ាន ឲ្យក្លាយទៅជាសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ICMA។ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពី សំណាក់ បញ្ញវន្តមុស្លិមតំណាងមកពី ១១ប្រទេស រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រុយណេ ថៃ សិង្ហបុរី ហ្វីលីពីន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។

សូមបញ្ជាក់ថា៖ ក្រោយបញ្ចប់កិច្ចប្រជុំនៅឥណ្ឌូណេស៊ី លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នឹងបន្តបេសកកម្ម ក្រៅប្រទេស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បីទៅចូលរួម សន្និសីទអន្តរជាតិ ស្តីអំពី សាមគ្គីភាពឥស្លាម គ្រោះថ្នាក់នៃការលាប ពណ៌ និងអបរិយាបណ្ណ ក្រោមការរៀបចំរបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី១២ និង១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងម៉ាក្កះ។ ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្រ្តី ក៏នឹង អញ្ជើញជួបពិភាក្សាការងារជាមួយ Sheikh Abdullatif bin Abdulaziz Al-Sheikh រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាអារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដផងដែរ៕ សំរិត


ចែករំលែក៖